(ពោធិ៍សាត់)៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបណ្តាលមកពីរថយន្ត HYUNDAI មួយគ្រឿង បើកប៉ះម៉ូតូបណ្តាលឲ្យដួល ស្របពេលនោះជនរងគ្រោះ រួមដំណើរជាមួយម៉ូតូ បានខ្ទាតចូលខាងក្រោមកង់រថយន្ត បណ្តាលឲ្យកិនធ្លាយខួរស្លាប់យ៉ាងអណោចអធ័ម។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ២១០-២១១ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A-0285 បើកបរដោយឈ្មោះ ស៊ុន សុផាត អាយុ៣១ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានកៀរម៉ូតូម៉ាក Wav ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1S-0416 បើកបរដោយឈ្មោះ ម៉ៅ គ្រឿម អាយុ៥៨ឆ្នាំ រស់នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោង ខេត្តបាត់ដំបង និងអ្នករួមដំណើរជិះពីក្រោយឈ្មោះ ទូច សៀប ភេទស្រី អាយុ៥០ឆ្នាំ រស់នៅជាមួយគ្នា បណ្តាលឲ្យដួលហើយខ្ទាតឈ្មោះ ទូច សៀប ចូលទៅក្រោមកង់រថយន្តកិនធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រណី រីឯវត្ថុតាងម៉ូតូ និងរថយន្ត បានយកមករក្សាទុកនៅប៉ុស្តិ៍ ចំណែកអ្នកបើកបររថយន្ត បានឃាត់ខ្លួនទុក នៅប៉ុស្តិ៍រងចាំបន្តនីតិវិធី៕