(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់អាមេរិកនៅកម្ពុជា KW-កម្ពុជា បានដឹកនាំបុគ្គលិកទាំងអស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ក្រុមហ៊ុនអចលនទ្រព្យ Keller Williams (KW) របស់សហរដ្ឋអាមេរិក។
ក្នុងនោះដែរ ប្រធានសាខា KW-កម្ពុជា ប្រចាំខណ្ឌជ្រោយចង្វារឲ្យដឹងថា នេះជាលើទី៣ហើយដែល KW-កម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមហ៊ុនអចលនទ្រព្យដ៏ធំ នៅក្នុងសហរដ្ឋអាមេរិក។
លោកថា «បន្ទាប់ពីចូលរួមកិច្ចប្រជុំនេះហើយខ្ញុំសង្ឃឹមថា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ចូលមកអនុវត្តក្នុងប្រទេសកម្ពុជា ដោយក្នុងនោះក៏អាចទំនាក់ទំនងបណ្ដាញផ្សេងៗពី មកសហការជាមួយប្រទេសកម្ពុជា»។
លោកបណ្ឌិត គីម ហ៊ាង ឲ្យដឹងថា ការចូលរួមកិច្ចប្រជុំនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយទទួលបានការយល់ដឹងច្រើន លើវិស័យអចលនទ្រព្យបន្ថែមទៀត។ លោកបន្ថែមថា មួយវិញទៀតនេះជាឱកាសក្នុងការជួប ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីងាយស្រួលទំនាក់ទំនងគ្នាលើរឿងវិស័យដីធ្លីនេះ។
លោក ភូ សម្បត្តិ សមាជិក នៃក្រុមហ៊ុន KW-កម្ពុជា ឲ្យដឹងថា សហរដ្ឋអាមេរិកជាប្រទេស ដែលរីកចម្រើនជាងគេស្ទើគ្រប់វិស័យមិនថា វិស័យអប់រំ, វិស័យសេដ្ឋកិច្ច, វិស័យឧស្សហកម្ម រួមនឹងវិស័យអចលនទ្រព្យជាដើមសុទ្ធតែនាំមុខគេ។ ជាក់ស្ដែង KW ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតលើពិភពលោក និងមានវត្តមាននៅក្នុងប្រទេសចំនួន៤០ផងដែរ។
លោកបន្ដថា ជាក់ស្ដែងការចូលរួមកិច្ចប្រជុំនេះ KW-កម្ពុជា នឹងនាំយកចំណេះដឹងផ្សេងៗ មកចែកជូនដល់អ្នកបម្រើការងារលើផ្នែកនេះនៅកម្ពុជា រួមទាំងបណ្ដុះបណ្ដាលបន្ថែមដល់សាខារបស់ KW-កម្ពុជាផងដែរ៕