(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក ញ៉ឹក វណ្ណារ៉ា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ដោយសារកម្ពុជា គឺជាសមាជិក នៃ អាស៊ាន ហើយរដ្ឋនីមួយៗ ត្រូវធ្វើនីយត្តភាព វិស័យពិការភាពរបស់ខ្លួន ដើម្បី ឱ្យដឹងថា មានជនមានពិការភាពប៉ុន្មានាក់ ពិការប្រភេទអ្វី ពិការកម្រិតណា និង ថាតើយើងបានយកចិត្តទុកដាក់ជនមានពិការភាពរបស់យើងកម្រិតណាជាដើម ។
លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា «ដោយសារទទួលបានការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធជាតិ និង អន្តរជាតិ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យពិការភាពគ្រប់ប្រភេទនៅកម្ពុជា មានភាពល្អប្រសើរឡើងជាលំដាប់ ហើយឥឡូវនេះអ្នកពាក់ព័ន្ធ ក៏បានចាប់ផ្តើមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតជាពិសេសលើវិស័យកុមារខ្សោយសតិបញ្ញា ដែលនេះគឺជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់មួយជំហានទៀត សម្រាប់វិស័យពិការភាពនៅកម្ពុជា»។
លោក ញ៉ឹក វណ្ណារ៉ា ថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំស្តីពីការប្រមូលទិន្នន័យកុមារមានពិការភាពខ្សោយសតិបញ្ញា រៀបចំនៅឯកស្រួងសង្គមកិច្ច កាលពីពេលថ្មីៗនេះ ដោយមានតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាតិ និង អន្តរជាតិ ដែលបាន និង កំពុងធ្វើការលើវិស័យពិការភាពនៅកម្ពុជាចូលរួម។
ចំណែកលោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃ ក្រសួងសង្គមកិច្ចបានថ្លែងថា ទិន្នន័យពិតប្រាកដ ដែលនឹងបានមកពីការប្រមែប្រមូលតាមបច្ចេកទេសនេះ មានសារសំខាន់ខ្លាំងណាស់ គឺវានឹងជាមូលដ្ឋានគ្រឹះសម្រាប់ភាគីពាក់ព័ន្ធរៀបចំគោលនយោបាយ ដូចជាវិស័យការអប់រំ សេដ្ឋកិច្ច សុខភាព និង សេវាគាំពារផ្សេងទៀតដែលជាតម្រូវការចាំបាច់ របស់កុមារមានពិការភាពខ្សោយសតិបញ្ញា ដើម្បី ឱ្យស្ថានភាពរស់នៅពួកគេកាន់តែល្អប្រសើរ និង មានគុណភាពបន្ថែមមួយកម្រិតទៀត ។
អ្នកធ្វើការលើវិស័យពិការភាព បានលើកឡើងប្រហាក់ប្រហែលគ្នាថា បច្ចុប្បនេះពិការភាព មិនមែនជាឧបសគ្គរារាំងនូវការទទួលបានភាពស្មើមុខស្មើមាត់គ្នាទៅមនុស្សដទៃក្នុងសង្គមឡើយ ប្រសិនបើពួកទទួលបានការយកចិត្តទុកដាក់ស្តារនីតិសម្បទា និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំ ២០១៨ កន្លងទៅនេះ ជនមានពិការភាព ប្រមាណជា ៤.៧០០ នាក់ត្រូវបានជ្រើសរើសចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និង ឯកជន ។ ទោះយ៉ាងណាជនមានពិការភាពខ្សោយសតិបញ្ញា ទំនងជាប្រភេទពិការភាពដែលត្រូវការនូវការយកចិត្តទុកដាក់ពិសេសលើសពីពិការភាពផ្សេងៗទៀត ។
កម្ពុជា មានជនពិការគ្រប់ប្រភេទសរុបប្រមាណជាជាង ៥០ ម៉ឺននាក់ ហើយជារៀងរាល់ឆ្នាំ មានជនដែលមានពិការភាពប្រមាណជា ២៨.០០០ នាក់ទទួលបានការស្តារលទ្ធភាពពលកម្ម កាយសម្បទាដោយឥតគិតថ្លៃ ដែលសេវានេះ អាចឆ្លើយតបទៅនឹងតម្រូវការរបស់ជនមានពិការភាពនៅកម្ពុជា ទាំងបរិមាណ និង គុណភាព៕