(ព្រៃវែង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩នេះ សហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារក្រុងព្រៃវែង ស្ថិតនៅភូមិ០៣ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។
លោក អ៊ុត សុភាព បានបញ្ជាក់ថា ក្នុងការត្រួតពិនិត្យមន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញ ចំនួន១២មុខ ស្មើនឹង១៦គំរូ មានដូចជា៖ គុយទាវកាត់ ត្រីងៀត ត្រីសំយ៉ុង ស្ពៃចង្កឹះ ខ្ញីហាន់ ដើមចេកហាន់ លតស្វិត នំបាញ់ឌុប ប្រហិតសាច់គោ ត្រីសាបាក់ មឹកស្រល់ បង្គាស្រស់ និងយីហ៊ី ដើម្បីរកសារធាតុគីមី ហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញរកពុំឃើញមានវត្តមានសារធាតុគីមីហាមឃាត់ទេ តែបានរកឃើញទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ មួយចំនួនដូចជា៖ ទឹកប៉េងបោះ ចំនួន១៩កែវ ស្មើ១៣.៣គីឡូក្រាម, ទឹកជ្រលក់៦ដប ស្មើ៣គីឡូក្រាម, ត្រីកំប៉ុង២កំប៉ុង ស្មើ០.៥គីឡូក្រាម, គូលែនកំប៉ុង១កំប៉ុង ស្មើ០.៦គីឡូក្រាម, នំបំពង ចំនួន១០កញ្ចប់ ស្មើ១.៥គីឡូក្រាម សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន១៨.៩គីឡូក្រាម។
បន្ទាប់មកមន្ត្រីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អាជីវករ ហើយឲ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់ នូវផលិតផល ទំនិញហួសថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕