(ភ្នំពេញ)៖ លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ បានជម្រាបជូនសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យដឹងថា នៅតាមព្រំដែនកម្ពុជា-ថៃ ​មិនមានបញ្ហាអ្វីកើតឡើងនោះទេ។

ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឱ្យលោកចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះលោក ប្រាវីត បានគោរពជម្រាបជូនសម្ដេចតេជោ អំពីជំនួបរវាងលោកជាមួយ សម្ដេច ទៀ បាញ់ នោះគឺកិច្ចពិភាក្សាដែលផ្ដោតការយកចិត្តទុកដាក់ ទៅលើបញ្ហាព្រំដែន បញ្ហាសន្តិសុខ ហើយនិងបញ្ហាដទៃទៀត។ លោក ប្រា វីត បានសរុបសេចក្ដីថា កិច្ចពិភាក្សានោះមានភាពរលូន ហើយបញ្ហាទាំងសន្តិសុខ ទាំងបញ្ហាអ្វីផ្សេងៗទៀត នៅតាមព្រំដែននោះពុំមានអ្វីកើតឡើងឡើយ។

ជាមួយគ្នានេះ លោក ប្រាវីត ក៏បានរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់វិមានឈ្នះ-ឈ្នះ ដោយលោកបានសម្ដែងនូវការអបអរសាទរ ដែលដំណើរបេសកកម្ម រំដោះជាតិរបស់សម្ដេចនៅពេលនោះចាប់ផ្ដើមពី៥នាក់ រហូតដល់ទទួលបានជោគជ័យ។ ពេលនោះទៀតសោត ក៏បានឆ្លុះបញ្ចាំង នូវដំណើរប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាព ជូនដល់ប្រទេសកម្ពុជាទាំងមូលផងដែរ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន​ សែន បានថ្លែងអរគុណលោក ប្រាវីត ហើយក៏បានជម្រាបជូនលោក ប្រាវីត វិញឲ្យដឹងថា នៅវិមានឈ្នះ-ឈ្នះនោះ គឺជាកន្លែងតម្កល់នូវឯកសារប្រវត្តិ នៃដំណាក់កាលនីមួយៗ នៅក្នុងដំណើរការរំដោះកម្ពុជាពីរបបខ្មែរក្រហម ហើយនៅក្នុងនោះ​​ទៀតសោត ក៏មានឆ្លុះបញ្ចាំងនូវតួអង្គ ដែលបានចូលរួមចំណែក នៅក្នុងដំណើរការនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះកិច្ចពិភាក្សារវាងលោក ប្រាវីត ជាមួយសម្ដេច ទៀ បាញ់ ហើយក៏បានមានប្រសាសន៍ថា គណៈកម្មការនេះ មានតួនាទីសំខាន់ណាស់ក្នុងការធ្វើយ៉ាងណាជំរុញឲ្យមានសុខសន្តិភាព ស្ថិរភាព នៅតាមព្រំដែន ដែលជាកត្តាសម្រាប់បម្រើឲ្យវិស័យពាណិជ្ជកម្ម ទេសចរណ៍ រវាងប្រទេសទាំងពីរផង។ ជាពិសេស ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕

​​