(កណ្ដាល)៖ លោក សេង ស៊ីណារិន ប្រធានក្រុមការងារចុះជួយឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តំណាងនាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានជួយស្ដារប្រឡាយប្រវែង ជាង៤,០០០ម៉ែត្រ ជាចំណងដៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនប្រជាពលរដ្ឋនៅក្នុងឃុំអំពៅព្រៃ សម្រាប់បង្កបង្កើនផលស្រូវដាំដំណាំផ្សេងៗ។
លោក ហៀង ប៊ុនថុល ជំទប់ទី១ ឃុំអំពៅព្រៃ បានឲ្យដឹងថា ប្រឡាយនេះអាចស្ដុកទឹកស្រោចស្រង់ស្រូវរដូវប្រាំង បាន២០០ហិកតា និងជាប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ទឹករដូវប្រាំងនៅពេលស្ដារ រួចអាចជាផ្លូវសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចុះជួយឃុំអំពៅព្រៃ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ថ្លែងក្នុងឱកាសនោះ លោក សេង ស៊ីណារិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋក្នុងឃុំអំពៅព្រៃទាំងអស់ ដែលកន្លងមកបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិដើម្បីឲ្យសម្ដេចបន្តការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនទៅមុខទៀត។
លោកបានផ្ដាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈសេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ ត្រូវបន្តអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងអភិក្រមទាំង៥របស់សម្ដេចឲ្យបានល្អ បន្តការអភិវឌ្ឍមូលដ្ឋាន ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ ដើម្បីឲ្យដឹងពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ។
សូមរំលឹកថា ចាប់តាំងពីលោក សេង ស៊ីណារិន ចុះមកជួយឃុំអំពៅព្រៃ បានកសាងសមិទ្ធផលជាច្រើនដែលបម្រើផលប្រយោជន៍ប្រជាជនក្នុងមូលដ្ឋាន មានដូចជាប្រឡាយទឹក៣ខ្សែ ប្រវែង១០គីឡូម៉ែត្រ, របងសាលាប្រវែង២៧៥, មណ្ឌលសុខភាព១កន្លែង, អគារកាត់ដេរ និងរបងស្ពានលូស្ទាក់ទឹក៥កន្លែង, លែងកូនត្រីចូលក្នុងប្រឡាយជាង១០ម៉ឺនក្បាល, ទូកក្ដា១០ និងបានចូលរួមកសាងវត្តអារាមចំណាយថវិកាប្រមាណ៨០ម៉ឺនដុល្លារ សរុបថវិកាកសាងសមិទ្ធផលនានា ជាង២លានដុល្លារ៕