(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ លើកទី១៤ ដែលបានដឹកនាំដោយសហប្រធាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ នៅនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមពីកិច្ចការព្រំដែនប្រទេសទាំងពីរ។
កិច្ចប្រជុំត្រូវបានរៀបចំឡើង ដោយយោងទៅតាមកិច្ចព្រមព្រៀង នៃការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែន រវាងកម្ពុជា និងថៃ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងសន្តិសុខតាមតំបន់ព្រំដែន ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងកងទ័ព និងកងឯកភាពសន្តិសុខពាក់ពន្ធ័ដទៃទៀតរបស់កម្ពុជា និងថៃ។
កិច្ចប្រជុំបានបញ្ជាក់អំពីសារៈសំខាន់ នៃការប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី១៤ ដែលបានផ្តល់នូវការណែនាំ និងទិសដៅ ដើម្បីជំរុញឲ្យទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដ៏មានសារៈប្រយោជន៍ រវាងកងទ័ពទាំងពីរនៅគ្រប់កំរិតទាំងអស់ កាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាការលើកកំពស់ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។ កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន។
ភាគីទាំងពីរបានពិនិត្យឡើងវិញ នូវលទ្ធផល នៃការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលដាក់ចេញដោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ លើកទី១៣ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដូចជា៖ កិច្ចសហប្រតិបត្តិការលើការឆ្លងកាត់ព្រំដែន បញ្ហាពលករ ការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ការលើកកំពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា ជាមួយបណ្តាអង្គភាព សន្តិសុខថៃ ក្នុងតំបន់ព្រំដែន បញ្ជាកសិកម្ម បញ្ហាសុខភាពសាធារណៈ ការអភិវឌ្ឍន៍ជីវភាពរស់នៅការអប់រំ សាសនា និងវប្បធម៌។
កិច្ចប្រជុំបានឯកភាពជំរុញភាគីទាំងពីរ ឱ្យបន្តនូវភារកិច្ច ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដោយស្របតាមគោលការណ៍ និងវិធានការដែលបានកំណត់ក្នុងកំណត់ហេតុព្រមព្រៀង នៃកិច្ចប្រជុំលើកទី១៤នេះ លើគ្រប់ទិដ្ឋភាពទាំងអស់។
ភាគីថៃនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅ (GBC) កម្ពុជា-ថៃលើកទី១៥ ហើយនឹងធ្វើការជូនដំណឹងទៅភាគីកម្ពុជាអំពីកាលបរិច្ឆេទ និងទីកន្លែងនៅពេលក្រោយ៕