(ភ្នំពេញ)៖ សាកលវិទ្យាល័យអន្តរជាតិ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ ដល់និស្សិតឆ្នើមចំនួន៤៣៤នាក់ និងពានរង្វាន់ស្រាវជ្រាវ និងឆ្នៃប្រឌិត អ៊ួន សាបូ ឆ្នាំ២០១៨ ចំនួន១៥នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត សាបូ អូហ្សាណូ បានកោតសរសើរ និងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅសាកលវិទ្យាល័យអន្តជាតិ ។ លោកថា សាកលវិទ្យាល័យអន្តរជាតិ មានការរីកចម្រើនថ្មីៗជាច្រើន ទាំងក្នុងផ្នែកអប់រំ និងស្រាវជ្រាវ ក៏ដូចការសហការរបស់ស្ថាប័នជាដៃគូទាំងក្នុង និងក្រៅប្រទេស។
លោកបណ្ឌិត បានបន្ថែមថា «ក្រៅពីការអភិវឌ្ឍន៍កម្មវិធីសិក្សា ឲ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ យើងក៏បានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត ដើម្បីបំពេញតាមតម្រូវការសិក្សា របស់និស្សិតដូចជា៖ មន្ទីរពេទ្យបណ្តុះបណ្តាល មន្ទីរពិសោធន៍បណ្ណាល័យ រោងចក្រផលិតឱសថ និងវិទ្យាស្ថានឧបសម្ព័ន្ធជាដើម»។
ជាមួយគ្នានោះ លោកបណ្ឌិត បានលើកឡើងថា ក្រៅពីការស្ដារកសាង និង អភិវឌ្ឍលើគ្រប់វិស័យ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ បាននឹងកំពុងបន្តអាទិភាពខ្ពស់បំផុត ដល់ការពង្រឹងសកម្មភាព ផ្តល់សេវាអប់រំ ជូនប្រជាពលរដ្ឋ ដោយបានបង្កើតនឹងកសាងសាលារៀនឲ្យដល់ភូមិ ឃុំ និងស្រុក រួមមាន៖ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅទូទាំងប្រទេស។
លោកថា រាជរដ្ឋាភិបាល យល់យ៉ាងច្បាស់ថា ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គឺមិនអាចកាត់ផ្តាច់ពីការ អភិវឌ្ឍធនធានមនុស្សនេះទេ។ រីឯធនធានមនុស្សអាចរីកចម្រើនទៅបាន ក៏អាស្រ័យដោយសេវាអប់រំពេញលេញ និងគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព នៅទូទាំងប្រទេស។
លោកបណ្ឌិត សាបូ អូហ្សាណូ បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ន ប្រទេសកម្ពុជា បានឆ្លងចូលដំណាក់កាលមួយថ្មីទៀត នៃការអភិវឌ្ឍវិស័យអប់រំ ដែលផ្តោតលើការពង្រឹងមូលដ្ឋានអប់រំ និងគុណភាពសិក្សា ក្នុងក្របខណ្ឌ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិមួយ ដែលមានលក្ខណៈជាប្រព័ន្ធ និងទូលំទូលាយបំផុត។
លោកបន្ដថា រាជរដ្ឋាភិបាលនៅតែបន្តកសាង និង អភិវឌ្ឍធនធានមនុស្ស លើគ្រប់ផ្នែកប្រកបដោយគុណភាព និងមានគុណធម៌ល្អប្រពៃ ដែលឆ្លើយ តបទៅនឹងសំណូមពរ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជា ឲ្យក្លាយជាសង្គមរីកចម្រើនជឿនលឿនផ្អែកលើមូលដ្ឋានចំណេះដឹង លើគ្រប់វិស័យ រួមទាំងវិទ្យាសាស្ត្រ បច្ចេកទេស និងចំណេះធ្វើ ដើម្បីដើរស្របជាមួយនឹងការរីកចម្រើន នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក៕