(រតនគិរី)៖ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ កង្វះខាតឈាមសម្រាប់សង្គ្រោះជីវិតមនុស្ស ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃ នៃសេចក្តីស្រលាញ់ បាននាំគ្នាស្ម័គ្រចិត្តចូលរួមផ្តល់ឈាម ជូនមន្ទីរពេទ្យបង្អែកខេត្តរតនគីរី ដើម្បីបង្ហាញ និងផ្តល់ជាសេចក្តីស្រលាញ់ ឱ្យគ្នាទៅវិញទៅមក។
លោកវេជ្ជបណ្ឌិត ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឱ្យដឹងថា យុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាលបានយក ថ្ងៃ១៤កុម្ភៈ ជារៀងរាល់ឆ្នាំ ជាទិវាផ្តល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាម ដែលបានចាត់ទុកជាថ្ងៃនៃសេចក្តីស្រលាញ់។ ជាក់ស្តែងថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានក្រុមយុវជនសហភាពសហព័ន្ធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តប្រមាណជាង១០០នាក់ បានស្ម័គ្រចិត្តមកផ្តល់ឈាមជូនមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
លោបានបន្ថែមថា សកម្មភាពនេះបញ្ជាក់ឱ្យឃើញថា យុវជន យុវនារី មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ពួកគាត់មានការយល់ដឹងច្រើនទាក់ទង និងការផ្តល់ឈាមសម្រាប់ជួយសង្រ្គោះជីវិតមនុស្ស។
លោកវេជ្ជបណ្ឌិត បញ្ជាក់ទៀតថា នេះជាលើកទី៦ហើយ ដែលមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានទទួលការស្ម័គ្រចិត្តផ្តល់ឈាមពីមហាជនទូទៅហើយនៅក្នុង១ថ្ងៃៗ មន្ទីរពេទ្យត្រូវការឈាម ២ប្លោក សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដូច្នេះឈាមដែលបានមកពីការបរិច្ចាកពីសប្បុរសជនថ្ងៃនេះ ខាងមន្ទីរពេទ្យនឹងយកទៅប្រើប្រាស់ឱ្យមានតម្លាភាពបំផុត៕