(រតនគិរី)៖ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង បានណែនាំដល់រដ្ឋបាលខេត្តរតនគិរីថា ឱសថដ៏មានប្រសិទ្ធភាពបំផុត ដើម្បីព្យាលជំងឺពុករលួយ គឺការអនុវត្តអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការណែនាំរបស់លោក ម៉ម ប៊ុននាង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកដឹកនាំគណៈជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី ដឹកនាំដោយលោក គិត ទ្រី អភិបាលរងខេត្តរតនគិរី ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានា នៅសាលប្រជុំសាលាខេត្តរតនគិរី។
ក្នុងពិធីជួបពិភាក្សាការងារនេះ លោក គិត ទ្រី បានប្រាប់គណៈប្រតិភូអំពីស្ថានភាពទូទៅរបស់ខេត្តរតនគិរី សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងវឌ្ឍនភាព នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍន៍មូលដ្ឋាន។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានថ្លែងអំពីគោលបំណង ដែលគណៈប្រតិភូចុះមកនាពេលនេះ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្ត។
ជាមួយគ្នានេះដែរលោក ម៉ម ប៊ុននាង បានអំពាវនាវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពីព្រោះអំពើពុករលួយ គឺជាជំងឺដ៏សាហាវមួយ ដែលធ្វើឲ្យសុខភាពសាធារណៈចុះអន់ថយ បើមិនប្រញាប់ព្យាបាលនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្ត សមិទ្ធផលទាំងឡាយដែលខិតខំកសាងនាពេលកន្លងមក នឹងក្លាយជាអសារបង់។
លោកណែនាំថា ឱសថដ៏មានប្រសិទ្ធភាព ក្នុងការព្យាលជំងឺពុករលួយ គឺការអនុវត្តឲ្យបានអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលរួមមាន ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ តាមរយៈការអប់រំ បង្ការទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់។ ជាពិសេសត្រូវអប់រំដើម្បីឲ្យបុគ្គលម្នាក់ៗមិនចង់ពុករលួយ បង្ការទប់ស្កាត់ ដើម្បីមិនអាចពុករលួយ និងអនុវត្តច្បាប់បង្រ្កាបបទល្មើស ដើម្បីមិនហ៊ានពុករលួយ៕