(ភ្នំពេញ)៖ ទិវានៃក្តីស្រលាញ់ ថ្ងៃ១៤កុម្ភៈ ឆ្នាំ២០១៩ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា។ ទិវានៃក្ដីស្រលាញ់នេះ ត្រូវបានយុវវ័យកម្ពុជាបង្ហាញពីការយល់ឃើញខុសៗគ្នា ខណៈអ្នកខ្លះចាត់ទុកថ្ងៃ១៤កុម្ភៈ គ្រាន់តែថ្ងៃធម្មតា មិនសំខាន់ឡើយព្រោះ មិនមែនជាបុណ្យប្រពៃណីជាតិខ្មែរទេ ប៉ុន្តែអ្នកខ្លះទៀតចាត់ទុកថា ១៤កុម្ភៈ គឺជាថ្ងៃ។
កំពុងតែអង្គុយពិភាក្សាគ្នាអំពី ការសិក្សាជាមួយនិស្សិតផ្សេងៗទៀត យុជន លឹម ចាន់ចម្រើនរិទ្ធិ និស្សិតឆ្នាំទី១ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង បានផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News។ យុវនិស្សិតរូបនេះ បាននិយាយថា «សម្រាប់ថ្ងៃ១៤កុម្ភៈនេះ ខ្ញុំប្រហែលអាចនឹង ជួបជុំគ្នាជាមួយមិត្តភក្ដិញាំអាហារ និងជជែកគ្នាលេង បន្ទាប់មកខ្ញុំមកសាលារៀនធម្មតា និងគ្មានគម្រោងធំដុំជាងនេះឡើយព្រោះថ្ងៃនោះជាថ្ងៃធម្មតា»។
យុវជនរូបនោះបន្ដថា ទិវានៃក្ដីស្រលាញ់នេះមិនមែនជារឿងមិនល្អនោះឡើយ មិនល្អលុះត្រាតែអ្នកមិនបានយល់ច្បាស់ពីទិវានេះ។ មែនទែនទៅទិវានៃក្ដីស្រលាញ់ មិនសំដៅចំពោះគូសង្សារឡើយ តែសំដៅលើអ្នកទាំងអស់គ្នាដែលនៅក្បែរអ្នកដូចជា ក្រុមគ្រួសារឪពុក-ម្ដាយ, បងប្អូន, មិត្តភក្ដិជាដើម។ យុវជននោះបន្ដថា ប៉ុន្ដែទិវានេះអាចប៉ះពាល់ដែរ ប្រសិនបើអ្នកទាំងអស់គ្នាពិសេសបុរសៗ ឆ្លៀតយកឱកាសថ្ងៃ១៤កុម្ភៈនេះ ប្រព្រឹត្តអំពើមិនគួរគប្បីណាមួយចំពោះនារីភេទ។
ចំណែក កញ្ញា អ៊ូ ស្រីកា និស្សិតសាកលវិទ្យាល័យជាតិគ្របគ្រងឲ្យដឹងថា «ចំពោះខ្ញុំអត់មានគម្រោងទៅណាទេព្រោះថា ថ្ងៃ១៤កុម្ភៈនេះជាថ្ងៃរៀនសូត្រធម្មតា ដូច្នេះខ្ញុំនឹងមកសាលារៀនប៉ុណ្ណោះ»។
កញ្ញាបន្ដថា សម្រាប់ក្ដីស្រលាញ់មិនមែនមានតែថ្ងៃ១៤កុម្ភៈទេ តែមានជារៀងរាល់ថ្ងៃគ្រាន់តែថា ថ្ងៃនេះគេតំណាងក្ដីស្រលាញ់ពិសេសជាងរាល់ថ្ងៃប៉ុណ្ណោះ ហើយទិវានេះទៀតសោតក៏មិនមែនជាទិវាបុណ្យជាតិខ្មែរឡើយ តែជាទិវារបស់បរទេសប៉ុណ្ណោះគ្រាន់តែថា យុវវ័យតែងតែប្រារព្ធឡើង។
កញ្ញាថា «សម្រាប់ខ្ញុំនឹងចែករំលែកក្ដីស្រលាញ់ជូនចំពោះក្រុមគ្រួសារ, បងប្អូន និងមិត្តភក្រ្ដិទាំងអស់គ្នា ហើយក្ដីស្រលាញ់របស់ខ្ញុំចំពោះពួកគាត់ នេះមិនមែនមានតែមួយថ្ងៃទេ តែមានជារៀងរហូត»។
កញ្ញាបន្ដថា បច្ចុប្បន្នយុវវ័យកម្ពុជាយល់ដឹងច្រើនពី ទិវានៃក្ដីស្រលាញ់នេះបើចំពោះនារីភេទវិញ ប្រហែលជាមិនអាចចាញ់បោកការលួងលោមរបស់បុរសនោះឡើយ ព្រោះពួកគាត់ដឹងច្បាស់ថា ថ្ងៃនេះគ្រាន់តែជាថ្ងៃចែករំលែកក្ដីស្រលាញ់ចំពោះគ្រប់គ្នា មិនមែនជាការដោះដូរខ្លួនប្រាណ ដើម្បីបញ្ជាក់ក្ដីស្រលាញ់នោះឡើយ។
ដោយឡែកយុវនារីម្នាក់ទៀត ឈ្មោះ វ៉ាល់ សោភ័ណ្ឌ បានឲ្យដឹងថា «សម្រាប់ខ្ញុំ១៤កុម្ភៈ ជាថ្ងៃធម្មតាប៉ុណ្ណោះដូចរាល់ថ្ងៃចឹង មិនមានអ្វីសំខាន់ឡើយ។ ថ្ងៃនោះប្រហែលជាមានយុវវ័យនឹងរៀបចំពិធីនេះ ដើម្បីបង្ហាញក្ដីស្រលាញ់ចំពោះអ្នកគ្រប់គ្នា ប៉ុន្ដែបើចំពោះខ្ញុំអត់មានគម្រោងអីក្រៅពីមកសាលារៀនឡើយ»។ កញ្ញា វ៉ាល សោភ័ណ្ឌ បានអំពាវនាវឲ្យយុវវ័យដែលមានគម្រោងដើរកំសាន្ដ សូមប្រព្រឹត្តនូវអ្វីដែលល្អចំពោះខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
Valentine’s Day ឬទិវាបុណ្យនៃសេចក្តីស្រឡាញ់ ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ មនុស្សជាច្រើនតែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញកាដូ, បាច់ផ្កា ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាយ៉ាងរ៉ូមែនទិក។
Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោកក៏តែងប្រារព្ធដូចគ្នា៕