(ស្វាយរៀង)៖ បុរសម្នាក់បានយកសំណាញ់អូសត្រីក្នុងទឹកប្រឡាយ ខណៈកំពុងអូសនោះស្រាប់តែជាប់របស់អ្វីម្យ៉ាងធ្ងន់ប្លែក ក៏ភ្ញាក់ខ្លួនព្រឺត ហើយពេលអូសឡើងលើគោក បែរជាជាប់សាកសពមនុស្សទៅវិញ។ ករណីភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រឡាយទឹកមួយកន្លែងក្នុងភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោក សោម សារី អាយុ៣៥ឆ្នាំ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៣ ខែកុម្ភៈ គាត់បានអូសអញ្ចងនៅក្នុងប្រឡាយ ស្រាប់តែជាប់របស់ធ្ងន់ ក៏នាំគ្នាខំអូសទាញឡើង ទៅលើគោក ដោយស្មានតែត្រីធំ តែពេលលើកចេញពីទឹក បែរជាសាកសពបុរសម្នាក់ទៅវិញ ភ្លាមៗនោះគាត់ក៏រាយការណ៍ទៅសមត្ថកិច្ច ហើយសមត្ថកិច្ចចុះមកដល់ធ្វើការស្រាវជ្រាវ ទើបស្គាល់អត្តសញ្ញាណសាកសពថាមានឈ្មោះ ឈួន ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមឪពុកម្តាយរបស់សាកសព បានឱ្យដឹងថា កូនរបស់ខ្លួនមានជំងឺវិកលចរិក ដើរគ្មានគោលដៅនោះទេ ហើយមិនដែលចូលផ្ទះ ស្រាប់តែមានគេប្រាប់ថា កូនគាត់បានស្លាប់ទៅហើយ។
ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច្ឆ័យរួច ក៏បានប្រគល់សាកសព ឱ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕