(បាត់ដំបង)៖ លោកស្រី ហុងផានី ងួន រតនៈ ភរិយាអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកព្រះស្តេច បានដឹកនាំក្រុមការងារនាំអំណោយ ចុះសាកសួរសុខទុក្ខតាមផ្ទះប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលកំពុងជួបការលំបាក ដោយសារមានជម្ងឺ និងមានជីវភាពខ្វះខាត នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកស្រី ហុងផានី ងួន រតនៈ បានឱ្យដឹងថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង តែងតែដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួយដោះស្រាយកង្វល់ និងបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋរហូតមក។

ជាក់ស្តែងថ្ងៃនេះ លោកស្រី បានទទួលដំណឹងពីលោកប្រធានគណបក្សសង្កាត់ព្រែកព្រះស្តេចថា មានប្រជាពលរដ្ឋចំនួន៥គ្រួសារ កំពុងជួបប្រទះការលំបាក ជីវភាពខ្វះខាត ដោយមានជម្ងឺផងនោះ លោកស្រី បានឆ្លៀតពេលម៉ោងចេញធ្វើការល្ងាច ដោយចាត់ឱ្យក្រុមការងារយកអំណោយ ចុះសួរសុខទុក្ខជាបន្ទាន់ ដោយលោកស្រី បានដឹកនាំសមាជិកសមាជិកាបក្ស សង្កាត់ព្រែកព្រះស្តេច សាខាបក្សភូមិ និងសកម្មជនបក្សមួយចំនួនទៀត។

អំណោយដែលក្រុមការងារ បានចែកជូនប្រជាពលរដ្ឋទាំង៥គ្រួសារ ដែលកំពុងជួបការលំបាកនោះក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី ស៊ីអ៊ីវ១យួរ ថ្នាំពេទ្យ សារ៉ុង១ និងថវិកាមួយចំនួន ក្នុងនោះចំនួន២គ្រួសារ រស់នៅភូមិចម្ការឬស្សី ២គ្រួសាររស់នៅភូមិអូរខ្ជាយ និង១គ្រួសារទៀតមានឈ្មោះ ធឿន មុំភេទស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកស្តេច បានធ្លាក់ខ្លួនឈឺដោយសារជម្ងឺលើសឈាម។

លោកស្រី បានជម្រាបទៅប្រជាពលរដ្ឋទាំង៥គ្រួសារថា អំណោយដែលបានចែកជូននេះថ្វីត្បិតមានចំនួនបន្តិចបន្តួចមែន តែវាបានជួយសម្រួល សម្រាលក្នុងជីវភាពរស់នៅបានរយៈដែរ នេះក៏អាស្រ័យដោយមានគណបក្សប្រជាជនកម្ពុជាយើងមានថ្នាក់ដឹកនាំកំពូលល្អ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស តែងបានណែនាំដល់ថ្នាក់ដឹកនាំបក្សមូលដ្ឋានគ្រប់វេលា គឺត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ បើមានបញ្ហាអ្វីត្រូវជួយដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។

ទន្ទឹមនឹងបានទទួលអំណោយពីក្រុមការងារហើយ ពួកគាត់បានថ្លែងអំណរគុណយ៉ាងធំធេង ដល់ក្រុមការងារទាំងអស់តែងបានចុះមកជួយរហូតមកមិនដែលខាន ធ្វើឱ្យប្រជាពលរដ្ឋគោរពស្រលាញ់ និងបន្តគាំទ្រគណបក្សប្រជាជន ដឹកនាំប្រទេសជាតិឆ្ពោះទៅមុខដោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ កាន់តែរីកចម្រើនសម្បូរណ៍សប្បាយដល់កូនចៅ ជំនាន់ក្រោយបានរស់នៅដោយសុខសន្តិភាពតទៅ៕