(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកមន្ត្រីក្រោមឱវាទជាច្រើនរូប ចូលរួមប្រជុំជាមួយរដ្ឋបាលស្រុកអារញ្ញប្រាថេប ខេត្តសាកែវ ប្រទេសថៃ នៅច្រកទ្វារអន្តរជាតិខ្លោងលឹក ស្រុកអារញ្ញប្រថេប។ រដ្ឋបាលទាំងពីរ បានលើកឡើងពីកិច្ចសហការជាធ្លុងមួយ ដោះស្រាយបញ្ហាសង្គមជាតិ ការទប់ស្កាត់ បង្ក្រាបបទល្មើស និងការសំអាតអនាម័យបរិស្ថានឲ្យបានស្អាតទាំងអស់គ្នា។
លោក សាន ស៊ានហូ បានឲ្យដឹងថា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្រុកអារញ្ញប្រាថេប ខេត្តសាកែវ ប្រទេសថៃ មានព្រំប្រទល់ជាប់គ្នា ដូច្នេះរដ្ឋបាលក្រុងប៉ោយប៉ែត កំពុងជំរុញការបើកការដ្ឋានសាងសង់ស្ពានរណបថ្មីមួយទៀត ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់។ បច្ចុប្បន្នប្រជាពលរដ្ឋទាំង២ បានប្រាស្រ័យទាក់ទងគ្នា ក្នុងការរកស៊ីទៅវិញទៅមក និងរួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀន បទល្មើសឆ្លងដែន។
លោកអភិបាល ក៏សូមអភ័យទោស ដែលកន្លងមកនេះ តែងតែមានការកកស្ទះចរាចរណ៍ នៅចំណុចក្បាលស្ពានមិត្តភាព កម្ពុជា-ថៃ តែរដ្ឋបាលក្រុងនឹងត្រៀមរកកន្លែងចត ឈប់រថយន្ត ម៉ូតូ ម៉ូតូកង់បី នៅទីតាំងថ្មី និងមានទីធ្លាធំបន្តិច។ រដ្ឋបាលក្រុងប៉ោយប៉ែត នឹងឈប់ឱ្យមានការរស់នៅជាមួយសំរាមទៀតហើយ។ បច្ចុប្បន្ននេះយើងឃើញមានប្រជាពលរដ្ឋមួយចំនួនបានកែប្រែខ្លះៗហើយ ក្រោយឃើញលោក (អភិបាលក្រុង) ដើររើសសំរាមផ្ទាល់ដៃ និងឃើញក្មួយៗ សិស្សានុសិស្សបានធ្វើសកម្មភាពជាញឹកញាប់។
លោកថា «ភាគីថៃ យើងរួមគ្នាសម្អាតបរិស្ថានទាំងអស់គ្នា រដ្ឋបាលស្រុកយើងមានមន្ត្រីរាជការ ប្រជាពលរដ្ឋចូលរួមប្រមាណជា១,៥០០នាក់។ យើងរួមគ្នាសម្អាតបរិស្ថានទាំងអស់គ្នា នៅចំណុចបរិវេណច្រកទ្វារ និងបរិវេណផ្សាររុងក្លឿរ និងធ្វើបន្តជារឿយទៀត ដោយស្នើសុំឱ្យប្រជាពលរដ្ឋកម្ពុជា បញ្ឈប់ចោលសំរាម ក្នុងអូរព្រំដែន និងតាមស្ពាន ព្រមទាំងស្នើឲ្យរដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើស្លាកហាមឃាត់ចោលសំរាម»៕