(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសហការរួមគ្នាជាមួយវិនិយោគិនចិន បោះទុនទឹកប្រាក់ចំនួន២៣០លានដុល្លារ សាងសង់អគារភ្លោះពាណិជ្ជកម្មកម្ពស់៦៨ជាន់ និងបានប្រកាសបុកគ្រឹះសាងសងជាផ្លូវការហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
អគារភ្លោះពាណិជ្ជកម្មកម្ពស់៦៨ជាន់មានឈ្មោះថា «Royal One» ជាការវិនិយោគរវាងអ្នកឧកញ៉ា គិត ម៉េង និងវិនិយោគិនចិនដែលមានទីតាំងស្ថិតលើ មហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីមន្នីវង្ស ព្រមទាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងប្រជុំដោយអគារខ្ពស់ៗដូចជា អគារកាណាឌីយ៉ា, អគារវឌ្ឍនៈថៅវើរ រួមទាំងអគារ Exchange Square ជាដើម។
អគារភ្លោះពាណិជ្ជកម្ម «Royal One» នេះរួមមានខុនដូរ, ផ្សារទំនើប, អូតែល,ក្លឹបកំសាន្ត, ក្លឹបហាត់ប្រាណ, ភោជនីយដ្ឋាន និងមជ្ឍមណ្ឌលកំសាន្តផ្សេងៗជាដើម។ លោកឧកញ៉ា គិត ធាង ជាប្រធានក្រុមហ៊ុន Royal One និងជាអនុប្រធានសម្ព័ន្ធ Royal Group។
អគារភ្លោះពាណិជ្ជកម្ម «Royal One» កម្ពស់៦៨ជាន់ ក្នុងនោះ៦ជាន់ក្រោមដី និង៦២ជាន់លើអាកាសស្មើនឹង២៣០ម៉ែត្រ សាងសង់លើផ្ទៃដីទំហំ៤,០៣៦ម៉ែត្រការ៉េ និងប្រើប្រាស់រយៈពេលសាងសងចំនួន៥ឆ្នាំ។
ក្រុមហ៊ុន Royal Group បានបង្ហាញភាពជឿជាក់ថា វត្តមានអគារភ្លោះដ៏ប្រណិតនេះនឹងចូលរួមចំណែក នៃមោទនភាពជាតិរបស់កម្ពុជា ដែលបង្ហាញឲ្យឃើញពីសមត្ថភាព និងភាពរីកចម្រើនរបស់មាតុប្រទេស និងផ្សព្វផ្សាយលើឆាកអន្ដរជាតិ៕