(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យកម្ពុជា និងឥណ្ឌូនេស៊ី ពង្រឹងពង្រីកទំនាក់ទំនងជាមួយគ្នាកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌។
ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ពាន់ មហារ៉ានី រដ្ឋមន្រ្តីសម្របសម្រួលអភិវឌ្ឍន៍មនុស្សជាតិ និងកិច្ចការវប្បធម៌របស់ឥណ្ឌូនេសុី នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានអនុញ្ញាតឲ្យ លោកជំទាវ នៅវិមានសន្តិភាព។
បើតាមលោកលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបនោះលោកស្រី ពាន់ មហារ៉ានី បានគោរពជម្រាបជូនសម្តេចតេជោពីគោលបំណងរបស់លោកស្រីមកកាន់កម្ពុជា។ លោកស្រ្តី បានលើកឡើងថា ដំណើរមកកាន់កម្ពុជានៅពេលនេះ ដើម្បីចូលរួមកម្មវិធីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលទំនាក់ទំនងនេះ បានបន្សល់ទុកដល់ជំនាន់ក្រោយដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផង និងអតីតប្រធានាធិបតីស៊ូកាណូ។
លោកស្រី បានអំណរគុណជ្រាលជ្រៅជាទីបំផុតចំពោះការចូលរួមយ៉ាងច្រើនអធិកអធ័ម អំពីថ្នាក់ដឹកនាំកម្ពុជា នៅក្នុងកម្មវិធីនៃខួបនៃទំនាក់ទំនងការទូតនេះ។ លោកស្រី បានជម្រាបជូនសម្ដេចតេជោផងដែរថា ពីការជ្រើសរើសយកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៩ ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ព្រោះតែកាលពី ៦០ឆ្នាំមុន ថ្នៅងៃនេះ (១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩) ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកស្រី ដែលបានមកចូលរួមកម្មវិធីនេះហើយនាំមកនូវសិល្បករ សិល្បការនី ចូលរួមកម្មវិធីធ្វើឲ្យកម្មវិធី ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ញ៉ាំងឲ្យមានភាពអធិកអធម និងពោរពេញទៅដោយការចងចាំ។ សម្ដេចតេជោ ក៏បានប្រសាសន៍ថា ថ្នាក់ដឹកនាំជំនាន់មុន បានបន្សល់នូវទំនាក់ទំនងនេះ ដល់អ្នកជំនាន់ក្រោយ ហើយក្រោយរយៈពេល៦០ឆ្នាំនេះ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី បានរីកធំធាត់ ដុះដាល និងរឹងមាំជាលំដាប់។
លើសពីនោះទៅទៀត ឥណ្ឌូនេស៊ី ក៏បានដើរតួយ៉ាងសំខាន់កន្លងមករយៈពេល៦០ឆ្នាំនេះ ទាំងនៅក្នុងតំបន់ ទាំងនៅក្នុងពិភពលោក។ ដោយឡែកសម្រាប់កម្ពុជា ឥណ្ឌូនេស៊ី បានដើរតួរយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាពឲ្យកម្ពុជា តាមរយៈការចូលរួមធ្វើសហប្រធាន នៃកិច្ចចរចាផង និងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង។
លើសពីនោះទៅទៀត ឥណ្ឌូនេស៊ីក៏បានរួមចំណែក ក្នុងការបញ្ជូនទ័ពមកការពារសន្តិភាពក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាពង្រីកនូវកិច្ចសហប្រតិបត្តិការ រួមទាំងការហ្វឹកហាត់និងការអភិវឌ្ឍធនធានមនុស្សផងដែរ។
សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជា និងឥណ្ឌូនេស៊ី គប្បីពង្រឹង និងពង្រីកទំនាក់ទំនងនេះ ឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត តាមរយៈវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ ទេសចរណ៍និងវប្បធម៌រួមគ្នាតែម្ដង។ ជាពិសេសទៀត ការផ្លាស់ប្តូរបទពិសោធន៍ ទំនាក់ទំនង ទស្សនកិច្ចគ្នា រវាងប្រជាជន និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕