(ព្រះស្រែ)៖ លោក ហ៊ុយ សេង សុំបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលមានខ្លឹមសារ «លោក ហ៊ុយ សេង បានរួមដៃឃុបឃិត ជាមួយឈ្មួញរកស៊ីដី ឈ្មោះ សូ សារឹម ដោយបានធ្វើប្លង់ឯកសារ យកដីរាស្រ្ត និងដីរដ្ឋលក់» នេះមិនមែនជាការពិតទេ! លោកបានបញ្ជាក់ថាដីដែលប្រជាពលរដ្ឋលក់នោះ គឺមានការព្រមព្រៀងគ្នាច្បាស់លាស់រវាង អ្នកទិញ និង អ្នកលក់ (ប្រជាពលរដ្ឋ) ដោយមានកិច្ចសន្យាទិញ-លក់ត្រឹមត្រូវ ហើយមានការចូលរួមវាស់វែង ពីមន្ត្រីសូរិយោដី ជាពិសេសបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ផងដែរ។ 

បើតាមការបកស្រាយពីប្រជាពលរដ្ឋជាម្ចាស់ដីបានឲ្យដឹងថា ពួកគាត់យល់ព្រមលក់ដីទាំងនោះដោយគ្មានកែរប្រែទេ ប៉ុន្តែដោយសារតែមានការយឺតយ៉ាវក្នុងការប្រគល់ប្រាក់ពីសំណាក់ឈ្មួញទិញដី ទើបពួកគាត់ជាម្ចាស់ដីនាំគ្នាតវ៉ា និងហាមឃាត់មិនឲ្យមានការឈូសឆាយនៅលើដី ដែលមិនទាន់ទូទាត់លុយគ្រប់ចំនួននោះ ។

ម្យ៉ាងវិញទៀតការទូទាត់ថ្លៃដីរវាងភាគីអ្នកទិញ និងអ្នកលក់ គឺធ្វើឡើងជាលក្ខណៈឯកជន មិនមានការដឹងលឺ ឬទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានឡើយ ចំនែកឯឈ្មួញដី ឈ្មោះ សូ សារឹម បានលក់ដីដែលទិញពីប្រជាពលរដ្ឋនោះ លក់បន្តឲ្យជនទី៣ ឈ្មោះ លី ជុន ហើយបានដាក់គ្រឿងចក្រ ដើម្បីចូលឈូសឆាយ ស្រាប់តែប្រជាពលរដ្ឋនាំគ្នារារាំងមិនអោយចូលទៅវិញ ។

ដោយឡែកចំពោះព័ត៌មានខាងលើ លោក ហ៊ុយ សេង បានទទូចស្នើសុំដល់អ្នកសារព័ត៌មាន ដែលបានចុះផ្សាយនូវព័ត៌មានពាក់ពន្ធ័មួយចំនួនខាងលើ សូមសិក្សា ស្រាវជ្រាវ អោយបានច្បាស់លាស់មុននឹងចេញផ្សាយ ជៀសវាងការភ័ន្តច្រលំ នាំឲ្យប៉ះពាល់ដល់ សារធារណៈជន ក៏ដូចជាស្ថាប័នរបស់ខ្លួនផងដែរ ៕