(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិន ឈ្មោះ HODO Group ដែលបានបោះទុនបង្កេីតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលេីកឡេីងថា ប្រសិនបេីសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញកម្ពុជាមែននោះ នឹងមិនរំខានដល់ការវិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុនោះឡេីយ។
សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ រយៈពេលគិតចាប់ពីការចាប់ផ្តើម រហូតដល់ការចូលជាធរមាននៃសេចក្តីសម្រេចចុងក្រោយណាមួយនោះ គឺមានរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។
លោក Jack Chen ប្រធានគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានអះអាងប្រាប់ Fresh News ថា មានកត្តា៣ ដែលនាំឲ្យក្រុមហ៊ុនចិន និងបណ្តាប្រទេសដទៃទៀតទៅរកស៊ីនៅកម្ពុជា។ កត្តាទាំង៣នោះរួមមាន៖ កម្លាំងពលកម្មមានតម្លៃទាប នយោបាយពន្ធដារល្អ និងប្រព័ន្ធអនុគ្រោះពន្ធ។
លោក Jack Chen បានអះអាងថា «នឹងមានផលប៉ះពាល់ខ្លះ តែមិនមែនទាំងអស់ទេ។ យេីងមានទីផ្សារច្រេីនមិនមែនមានតែអឺរ៉ុបនោះទេ យេីងមានទីផ្សារនៅចិន អាមេរិក ជប៉ុនជាដេីម។ ពិភពលោកនេះធំធេងណាស់ វាប៉ះពាល់ខ្លះតែមិនមែនទាំងអស់នោះទេ»។
HODO Group ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិន រកស៊ីលេីវិស័យវាយនភណ្ឌ សំណង់ ផលិតកង់ និងផលិតឱសថផងដែរ។ ក្រុមហ៊ុននេះ បានចាប់ផ្តេីមបង្កេីតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីឆ្នាំ២០០៧ លេីផ្ទៃដីជាង ១៣គីឡូម៉ែត្រក្រឡា។
បេីតាមលោក Jack Chan បច្ចុប្បន្នទុនវិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុនេះ មានរហូតដល់ ៥០០លានដុល្លារអាមេរិក។ មានរោងចក្រចំនួន១៣០ កំពុងដំណេីរការ ផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរប្រមាណ ២១,០០០នាក់ ជាមួយប្រាក់ខែសមរម្យ។
អ្នកគ្រប់គ្រងជាន់ខ្ពស់នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរូបនេះបានអះអាងថា ក្រុមហ៊ុនកំពុងប្រឹងប្រែងកែប្រែបរិយាកាសនៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះឲ្យកាន់តែប្រសេីរថែមទៀត ដេីម្បីទាក់ទាញអ្នកវិនិយោគមកពីអាមេរិក បារាំង និងអ៉ីតាលីជាដេីមមកបង្កេីតរោងចក្រនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។
លោក Jack Chan បង្ហាញជំនឿចិត្តថា ភាពអំណោយផលភូមិសាស្ត្រសម្រាប់ការដឹកជញ្ជូនរបស់ខេត្តព្រះសីហនុ ដែលជាប់សមុទ្រ ជាមួយគម្រោងយកតំបន់សេដ្ឋកិច្ចពិសេសនេះឡេីងទីផ្សារមូលបត្រនៅទីក្រុងសៀងហៃ នឹងទាក់ទាញអ្នកវិនិយោគបានកាន់តែច្រេីនថែមទៀត៕