(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ឲ្យតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនឲ្យធ្វើសកម្មភាពមួយចំនួន ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងថ្ងៃ «ទិវានៃក្តីស្រឡាញ់» ១៤ កុម្ភៈនេះ។

ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងថ្ងៃទិវានៃក្តីស្រឡាញ់នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យគ្រឹះស្ថានអប់រំធ្វើសកម្មភាពមួយចំនួនមានដូចជា៖

១៖ ផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់។

២៖ ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។

៣៖ ជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។

៤៖ ធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំណែនាំកែលម្ផសិស្សានុសិស្ស បានទាន់ពេលវេលា៕

ទន្ទឹមនឹងការណែនាំចាត់វិធានការទប់សកម្មភាពមិនប្រក្រតីនេះទៅ ក្រសួងក៏បានបញ្ជាក់ដែរថា ទិវានេះពុំមែនជាពិធីបុណ្យប្រពៃណ៌របស់ជនជាតិខ្មែរទេ ហើយនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឱ្យយុវវ័យភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណ៌ជាតិដ៏ផូរផង់របស់ខ្មែរទៀតផង។

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះ នៅតាមសាលានានា គេបានសង្កេតឃើញថា បានធ្វើសកម្មភាពតាមការណែនាំរបស់ក្រសួងយ៉ាងផុលផុស៕