(ភ្នំពេញ)៖ ទិវានៃក្តីស្រលាញ់ ឫហៅថា valentine's day គឺជាទិវាមួយដែលមនុស្សភាគច្រើន តែងតែបង្ហាញពីទឹកចិត្តរបស់ខ្លួនចំពោះអ្នកដែលខ្លួនស្រលាញ់ តាមរយៈការជូនជា វត្ថុអនុស្សាវរីយ៏ បាច់ផ្កា ក៏ដូចជាការចំណាយពេលវេលាទៅញុំាអាហារជាមួយគ្នាជាដើម ហើយទិវានេះតែងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។
ក្នុងនោះផ្កាកុលាបជាផ្កាមួយដែលមិនអាចខ្វះបាននៅក្នុងទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈនេះ ដោយផ្កានេះតែងតែត្រូវបានលក់ដាច់យ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ព្រោះមនុស្សភាគច្រើន ជាពិសេសយុវយ័ជឿថា ផ្កានេះគឺតំណាងឲ្យសេចក្តីស្រលាញ់។
បើទោះបីជាផ្កាកុលាប ជាផ្កាដែលលក់ដាច់ខ្លាំង និងនិយមច្រើនពីយុវវយ័ក៏ដោយ ប៉ុន្តែក្នុងឆ្នាំនេះការនាំចូលកុលាបហាក់ដូចជាថយចុះយ៉ាងខ្លាំង រហូតដល់ទៅពាក់កណ្តាលបើធៀបទៅនឹងឆ្នាំមុន ដោយសារតែផ្កាឡើងថ្លៃ និងមានចំនួនតិច ព្រោះកុលាបភាគច្រើននាំចូលមកពីប្រទេសវៀតណាម ហើយនៅក្នុងឆ្នាំនេះ ខាងប្រទេសវៀតណាមមិនមានផ្កាគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារកម្ពុជានោះឡើយ។ នេះបើយោងតាមអាជីវករលក់ផ្កាកុលាប ថ្លែងប្រាប់បណ្តាញព៍ត៏មាន Fresh news នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ពាក់ពន្ធ័នឹងការធ្លាក់ចុះនូវការនាំចូលផ្កានេះ អាជីវករលក់ផ្កាកុលាបនៅស្តង់បុរីកីឡា កញ្ញា ណាលីបានលើកឡើងថា «ឆ្នាំនេះខ្ងុំនាំចូលផ្កាកុលាប ៥០០០ដើម មានការថយចុះជាងរាល់ឆ្នាំ ព្រោះឆ្នាំមុន១០០០០ទង ឆ្នាំនេះផ្កាថ្លៃហើយណាមួយមិនសូវនាំចូល ដោយសារឆ្នាំមុននាំមកច្រើនតែគ្មានអ្នកទទួលទើបឆ្នាំនេះគេមិនសូវនាំចូល»។
អាជីវកររូបនេះបានបន្ថែមថា ជារៀងរាល់ឆ្នាំផ្កាកុលាបចាប់ផ្តើមមានអ្នកទិញ និងកម្មង់ទុកតាំងពីថ្ងៃទី១២ ឫ១៣ កុម្ភៈ ប៉ុន្តែឆ្នាំនេះមិនទាន់មានអ្នកមកកម្មង់ទុកនៅឡើយទេ ហើយសម្រាប់កុលាបដែលលក់ដាច់ខ្លាំងជាងគេនោះ គឺកុលាបពណ៏ក្រហមព្រោះមនុស្សភាគច្រើនមិនថាចាស់ក្មេងនោះទេ គាត់គិតថាពណ៏ក្រហមគឺតំណាងឲ្យសេចក្តីស្រលាញ់។
ថ្លែងទាំងទឹកមុខញញឹម អ្នកនាង សេរីរត្ន័ ម្ចាស់ហាងផ្កាសេរីរត្ន័ បានឲ្យដឹងថា «សម្រាប់ឆ្នាំនេះ ខ្ងុំនាំចូលតិចជាងឆ្នាំមុនប្រហែល៣០ភាគរយ ហើយផ្កានេះនាំចូលពីប្រទេសវៀតណាម ថៃ និងចិន»។
អ្នកនាងបន្តថា សម្រាប់ថ្ងៃទី១៤កុម្ភៈរំពឹងថានឹងលក់ផ្កាកុលាបបានរហូតដល់ជាង៤០០០ទង ដោយសារកញ្ញាមានអតិថិជនច្រើន ហើយភាគច្រើនគឺអ្នកទិញគាត់កម្មង់ទិញជាបាច់ៗច្រើនជាងទង ជាពិសេសគឺខ្ចប់ជាបាច់ដែលមានកុលាប៩៩ទងតែម្តង។
កញ្ញា ខេង សូរិយា ដែលជាអាជីវករលក់ផ្កាកុលាបនៅតាមបណ្តោយផ្លូវ១៦៦ បានបញ្ចាក់ថា «ឆ្នាំនេះខាងហាងខ្ងុំនាំចូលតិចជាងឆ្នាំមុន ព្រោះឆ្នាំនេះខាងវៀតណាមគឺគេអស់ផ្កា អ្នកលក់ច្រើន អញ្ចឹងគេនាំចូលខ្លះផងយើងនាំចូលខ្លះផង ហើយផ្កាដែលលក់ដាច់ច្រើនជាងគេគឺពណ៏ក្រហម»។
អាជីវករវយ័ក្មេងរូបនេះបានបន្ថែមថា សម្រាប់ថ្ងៃទី១៤កុម្ភៈកញ្ញារំពឹងថា ផ្កាកុលាបនឹងលក់ដាច់ទាំងអស់តែម្តងមិនសល់នោះទេ ព្រោះគាត់ជាអ្នកបោះដុំសម្រាប់ឲ្យគេយកទៅលក់បន្ត ហើយសម្រាប់ប្រាក់ចំណេញវិញគឺអាចនឹងតិចជាងឆ្នាំមុន ដោយសារនាំចូលតិចជាងមុនណាមួយបោះដុំគឺបានចំណេញតិចជាងអ្នកលក់រាយ។
ជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ លោកតុង សុប្រាជ្ញ បានបញ្ជាក់ថា ការទិញវត្ថុអនុវស្សវរីយ៍កាដូរឲ្យគ្នា ក៏មានការធ្លាក់ចុះជាង២ភាគ៣ដែរ (២០០៩៖ ៥៦.៣% ទល់នឹង២០១៩៖ ២១.៦%) ជាពិសេសការឲ្យផ្កាតែម្តង មានការធ្លាក់ចុះជាងគេ។ ប៉ុន្តែនិន្នាការយុវវ័យ ដែលមានគូរគឺមានការកើនឡើងនូវការទិញវត្ថុជាកាដូរថ្លៃៗ ដូចជាខោអាវ តុក្កតា និងគ្រឿអលង្ការឲ្យមិត្តស្រី និងមិត្តប្រុសរបស់ពួកគេទៅវិញ។ នេះបើតាមរបាយការណ៍របស់លោក តុង សុប្រាជ្ញ។
សូមបញ្ចាក់ថា Valentine’s Day មិនមែនជាពិធីបុណ្យផ្លូវការរបស់រដ្ឋទេ ប៉ុន្តែជាទម្លាប់មិនថា តែប្រជាជននៅប៉ែកអឺរ៉ុបទេ ទូទាំងអាស៊ី និងមនុស្សនៅជុំវិញពិភពលោក តែងប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ហើយវាក៏អាចជាថ្ងៃដ៏វិសេសសម្រាប់គូស្នេហ៍ ជ្រើសយកធ្វើជាថ្ងៃរៀបការទៀតផង។
ទោះបីជាយ៉ាងណា នៅក្នុងប្រទេសកម្ពុជា មានយុវវ័យជាច្រើន កំពុងតែភ្លើតភ្លើន យល់ច្រឡំនឹងបុណ្យវប្បធម៌បែបបច្ចឹមប្រទេសមួយនេះ ដោយអ្នកខ្លះថែមទាំងបានប្រព្រឹត្តិទង្វើខុសឆ្គងប្រពៃណីខ្មែរ ដោយសំអាងទៅលើបុណ្យនៃក្ដីស្រឡាញ់ ឬ Valentine’s Day ។ អ្វីដែលគួរតែត្រូវធ្វើ សម្រាប់យុវវ័យ ក៏ដូចជាមនុស្សទូទៅ ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ លោកអ្នកគួរតែបង្ហាញ ក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក រវាងកូន និងឪពុកម្ដាយ រវាងបងប្អូន រវាងគូសង្សារ រវាងមិត្តភក្តិ រវាងមិត្តរួមការងារ និងរវាងជាតិសាសនា ដោយក្នុងអត្ថន័យនៃក្ដីស្រឡាញ់ដ៏បរិសុទ្ធ ចំពោះគ្នានិងគ្នា ខណៈក្ដីស្រឡាញ់ ពុំមានតែមួយថ្ងៃនេះទេ៕