(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានក្រើនរំលឹកកុំឲ្យមានការយល់ច្រឡំថា «ទិវានៃក្តីស្រឡាញ់» ១៤ កុម្ភៈ ជាថ្ងៃផ្តល់ក្តីស្រឡាញ់សម្រាប់គូសង្សារ ហើយឈានទៅប្រព្រឹត្តអំពើមិនគប្បី ខុសប្រពៃណីជាតិដែលនាំមានបញ្ហាដល់សុខភាព។
ទេសរដ្ឋមន្ត្រី អៀង មូលី បានក្រើនយុវជនត្រូវចេះស្រឡាញ់គ្រួសារ ស្រឡាញ់ប្រទេសជាតិ និងជាពិសេស ត្រូវចេះស្រឡាញ់ខ្លួនឯង ដោយធ្វើយ៉ាងណាឲ្យមានសុខភាពល្អ ជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនរបស់ជាតិ។ ដូច្នេះយុវវ័យត្រូវចេះថែទាំសុខភាព កុំឲ្យឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានអំពាវនាវថា «សុំឲ្យមានស្នេហាស្មោះត្រង់ប្តីមួយប្រពន្ធមួយ សុំប្រើប្រាស់ស្រោមអនាម័យ ឲ្យបានមួយរយភាគរយ នៅពេលមានដៃគូក្រៅ និងប្រញាប់ទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ប្រសិនបើសង្ស័យថា មានផ្ទុកមេរោគអេដស៍ ដើម្បីឆាប់បានទៅទទួលសេវាផ្តល់ប្រឹក្សា និងទទួលឱសថពន្យារជីវិត»។
សូមរំលឹកផងដែរថា នៅថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរួមសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារអេដស៍មួយចំនួនដូចជា អង្គការ KHANA អង្គការFHI360 អង្គការ PSI អង្គការ AHF និងដៃគូពាក់ព័ន្ធផ្សែងទៀត រួមគ្នាធ្វើយុទ្ធនាការផ្តល់សារអប់រំបង្ការ នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ដល់ប្រជាជនដែលធ្វើដំណើឆ្លងកាត់ និងបងប្អូនដែលមានលំនៅដ្ឋានក្បែរនេះ ព្រមទាំងលើកទឹកចិត្តដល់ពួកគាត់ឱ្យទៅធ្វើតេស្តឈាម រកមេរោគអេដស៍ និងទៅទទួលសេវាសុខភាពឲ្យបានទាន់ពេលវេលា ជាពិសេសចូលរួមរំលឹកដល់ យុវជន យុវនារី ឱ្យយកចិត្តទុកដាក់បង្ការខ្លួន កុំឆ្លងមេរោគអេដស៍៕