(មណ្ឌលគីរី)៖ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជេីញជួបពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរីដឹកនាំដោយលោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី ដេីម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពេីពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានា នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ក្នុងពិធីជួបពិភាក្សាការងារនេះ លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅរបស់ខេត្តមណ្ឌលគិរី សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងវឌ្ឍនភាព នៃការអនុវត្តន៍ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍន៍មូលដ្ឋាន នៅក្នុងខេត្ត។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការព្រឹទ្ធសភា បានលើកឡើងអំពីគោលបំណងដែលគណៈប្រតិភូចុះមកនាពេលនេះ និងវាយខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្ត។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពីព្រោះអំពើពុករលួយ គឺជាជំងឺដ៏សាហាវមួយដែលធ្វើឲ្យសុខភាពសាធារណៈចុះអន់ថយ បើមិនប្រញាប់ព្យាបាលនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្ត សមិទ្ធផលទាំងឡាយដែលខិតខំកសាងនាពេលកន្លងមក នឹងក្លាយជាអសារបង់ ។ ឱសថដ៏មានប្រសិទ្ធភាព ក្នុងការព្យាលជំងឺពុករលួយ គឺការអនុវត្តឲ្យបានអភិក្រមទាំង៥ របស់សម្តេចតេ ជោ នាយករដ្ឋមន្ត្រី ដែលរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែក ព្យាបាល និងវះកាត់ តាមរយៈ ការអប់រំ បង្ការទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ ។ ជាពិសេសត្រូវអប់រំ ដើម្បីឲ្យបុគ្គលម្នាក់ៗមិនចង់ពុករលួយ បង្ការទប់ស្កាត់ ដើម្បីមិនអាចពុករលួយ និងអនុវត្តច្បាប់បង្រ្កាបបទល្មើស ដើម្បីមិនហ៊ានពុករលួយ។
បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានបន្តជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរក្រុង និងចៅសង្កាត់សែនមនោរម្យចំនួន១៦ នាក់ ដេីម្បីសិក្សាស្វែងយល់អំពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានា។
ក្នុងការជួបពិភាក្សាជាមួយអាជ្ញាធរក្រុង និងសង្កាត់សែនមនោរម្យ លោក ម៉ម ប៊ុននាង បានណែនាំដល់អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រ មរណភាព។ មន្ត្រីគ្រប់រូប ត្រូវខិត ខំបំពេញការងារជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងពន្លឿនការងារឱ្យបានឆាប់រហ័ស ទើបអាចឆ្លើយតប ទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព៕