(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកសាស្រ្តាចារ្យបណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យធនធានមនុស្ស រួមជាមួយនឹងសមាជិក សមាជិកានៃអង្គសន្និបាត ចំនួន២៧០នាក់ នៅសាកលវិទ្យាល័យធនធានមនុស្ស។

លោកសាស្រ្តាចារ្យបណ្ឌិត សេង ផល្លី បានលើកឡើងថា ឆ្លងកាត់បទពិសោធន៍បណ្តុះបណ្តាលជាង ២១ឆ្នាំកន្លងមកនេះ បានបង្ហាញឲ្យឃើញថា គុណភាពនៃការអប់រំបណ្តុះបណ្តាល គឺឋិតនៅលើសមត្ថភាព នៃការដឹកនាំប្រកបដោយសីលធម៌វីជ្ជាជីវៈ សមត្ថភាពនៃការបង្រៀន ​និងការសិក្សា ផ្សារភ្ជាប់ ទៅនឹងការអភិវឌ្ឍការងារបច្ចេកទេសក្នុងការបណ្តុះបណ្តាល ដែលមានលក្ខណៈជាស្តង់ដារ។

លោកសាស្រ្តាចារ្យក៏បានថ្លែងបន្តថា ទិសដៅការងារថ្មី របស់សាកលវិទ្យាល័យសម្រាប់ឆ្នាំ​២០១៩​ ដែលបានលើកឡើងប្រកបដោយការ គិតពិចារណាច្បាស់លាស់ មានលក្ខណៈជាយុទ្ធសាស្រ្ត និងបានផ្តល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈម និងអសកម្មមួយចំនួន ព្រមទាំងបានផ្តល់នូវអនុសាសន៍ជាគន្លឹះ មានដូចជា៖

* ទី១៖ ពង្រឹងវប្បធម៌គុណភាព ដែលមានស្រាប់ គ្រប់ភាគីពាក់ព័ន្ធក្នុងអង្គសន្និបាទ ត្រូវចូលរួមផ្តល់ជំនឿ ចូលរួមឱ្យតម្លៃ ចូលរួមប្តេជ្ញាចិត្ត និងចូលរួមទទួលខុសត្រូវ លើការបង្កើតគុណភាព នៅសាកលវិទ្យាល័យធនធានមនុស្ស។​

* ទី២៖ ត្រូវទទួលយកវប្បធម៌ និងផ្នត់គំនិតថ្មីៗ សំដៅអភិវឌ្ឍឥរិយាបថការងារតាមបែបនវានុវត្តន៍ ដើម្បីអភិវឌ្ឍបុគ្គលខ្លួនឯង អង្គភាព និងសាកលវិទ្យាល័យ។

* ទី៣៖ ត្រូវពង្រឹងយន្តការ ធានាគុណភាពផ្ទៃក្នុង ដែលមានស្រាប់ ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាលគ្រប់កម្រិត

* ទី៤៖ ពង្រឹងការគ្រប់គ្រងដឹកនាំ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ និងសាស្រ្តាចារ្យ ត្រូវបំពេញការងារ ឆ្ពោះទៅចក្ខុវិស័យ គោលបំណង និងគោលដៅ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ។

* ទី៥៖ អភិវឌ្ឍធនធានមនុស្ស ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ និងសាស្រ្តាចារ្យ ត្រូវអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាព សមត្ថភាពជំនាញវិជ្ជាជីវៈ របស់ខ្លួនតាមគ្រប់រូបភាព ទាំងការបណ្តុះបណ្តាលផ្ទៃក្នុង និងចូលរួមវគ្គបណ្តុះបណ្តាលនានា។

* ទី៦៖ បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខាបម្រើឱ្យការបង្រៀន ការសិក្សា និងការស្រាវជ្រាវ។

* ទី៧៖ បន្តពង្រឹងវិន័យ​ ទាំងវិន័យក្នុងការសិក្សា វិន័យក្នុងការប្រឡង និងវិន័យក្នុងការបំពេញការងារ ​ដែលជាវប្បធម៌ ធានាគុណភាពអប់រំ បណ្តុះស្មារតីគោរពច្បាប់ គោរពក្រមសីលធម៌វិជ្ជាជីវៈ។​

* ទី៨៖ ពង្រឹងសមត្ថភាពស្រាវជ្រាវ ការស្រាវជ្រាវ គឺជាមូលដ្ឋាននៃការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសសាស្រ្តាចារ្យ ត្រូវបង្កើនសកម្មភាពស្រាវជ្រាវ អភិវឌ្ឍអាជីពបង្រៀនខ្លួន។

* ទី៩៖ ពង្រីងសមត្ថភាពបណ្តុះបណ្តាលភាសារអង់គ្លេស ដើម្បីបង្កើនសមត្ថភាព និងគុណភាព នៃការសិក្សាស្រាវជ្រាវរបស់និស្សិត។

* ទី១០៖ បង្កើនសកម្មភាពវេទិការជជែកពិភាក្សា បង្កើនសមត្ថភាពស្រាវជ្រាវ និងការតស៊ូមតិរបស់និស្សិត។

* ទី១១៖ បង្កើនសកម្មភាពរកការងារឱ្យនិស្សិតធ្វើ ដោយជម្រុញសកម្មភាពហ្វឹកហាត់ ​បណ្តុះបណ្តាល ចែករំលែក បទពិសោធន៍ លើការរៀបចំខ្លួនដើម្បីការងារ និងរកការងារធ្វើដល់និស្សិតឱ្យបានទូលំទូលាយ។

លោកបានថ្លែងបន្តថា សន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ គឺជាការប្រជុំការងារបច្ចេកទេស ដ៏មានសារៈសំខាន់បំផុត ដើម្បីបូកសរុបវាយតម្លៃលទ្ធផលការងារក្នុងឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី និងសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍសាកលវិទ្យាល័យជាបន្តបន្ទាប់ផងដែរ។ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិក ដែលបានខិតខំបំពេញការងារ តាមតួនាទីរៀងៗខ្លួន អនុវត្តផែនការសកម្មភាព និងផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ សម្រេចបានលទ្ធផលរហូតដល់ជាង៨០% នៃផែនការ ក្នុងការងារបណ្តុះបណ្តាលធនធានបញ្ញា សម្រាប់សង្គមជាតិប្រកដោយស្មារតីទទួលខុសត្រូវ។

លោកសាស្រ្តាចារ្យ សេង ផល្លី បានកោតសរសើរ និងឱ្យតម្លៃខ្ពស់ ចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងប្អូនៗនិស្សិតទាំងអស់ ដែលបានចូលរួមចំនែកបន្តលើកស្ទួយវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនបញ្ញា សម្រាប់បន្តវេន និង​ជា​សសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕