(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញមកដល់ប្រទេសកម្ពុជា មិនបានប៉ុន្មានម៉ោងផងនោះ នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ (Prawit wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ សហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ រួមជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអញ្ជើញទៅទស្សនាសំណង់វិមានឈ្នះ-ឈ្នះ។
នេះជាលើកទីមួយហើយ ដែលមន្ត្រីជាន់ខ្ពស់ប្រទេសជិតខាង បានមកទស្សនាវិមានឈ្នះ-ឈ្នះ របស់កម្ពុជាដោយផ្ទាល់ វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី ៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វិមាននយោបាយឈ្នះ-ឈ្នះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សូមជម្រាបថា ការអញ្ជើញមកទស្សនារបស់ប្រមុខការពារជាតិថៃ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (The 14th General Border Committee Meeting “GBC”)។ កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (The 14th General Border Committee Meeting “GBC”) ធ្វើឡើង នៅសណ្ឋាគារកាដែនស៊ីតធី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ (Prawit wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ។
ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee “GBC”) មួយត្រូវបានបង្កើតឡើង ដោយមានការជួបប្រជុំប្តូរវេន យ៉ាងទៀងទាត់រៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំលើកទី១៤ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូនៃគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ។
បើសេចក្តីប្រកាសព័ត៌មានដដែល កិច្ចប្រជុំលើកទី១៤នេះ ក៏ដូចជាកិច្ចប្រជុំមុនៗដែរ ភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សារបស់ខ្លួន ដោយផ្តោតយ៉ាងសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ បង្កើតទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងកិច្ចការពារ និងរក្សាឱ្យបានរឹងមាំនូវ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងនៅតាមបណ្តោយព្រំដែនរួម នៃប្រទេសជិតខាងទាំងពីរ ដើម្បីរក្សា និងធានាបាននូវ សេចក្តីសុខ ក្សេមក្សាន្ត និងជីវភាពរស់នៅរីកចំរើនរបស់ប្រជាជន នៃប្រទេសទាំងពីរ៕