(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដូ វឹកហឹង (Do Quoc Hung) ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម។
ក្នុងឱកាសនោះ លោក ដូ វឹកហឹង បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការផ្តល់បដិសណ្ឋារកិច្ច និងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះភាគីវៀតណាម បានឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) សម្រាប់ទំនិញកម្ពុជាចំនួន ៣២បន្ទាត់ពន្ធគយ រួមជាមួយកូតានាំចូលអង្ករចំនួន ៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់ ៣,០០០តោន នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ រីឯភាគីកម្ពុជាបានផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) ដូចគ្នា ដល់ទំនិញវៀតណាមចំនួន ២៦បន្ទាត់ពន្ធគយ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ជំនួយឥតសំណង សម្រាប់សាងសង់ផ្សារដានៅក្នុងខេត្តត្បូងឃ្មុំ និងបានជម្រាបជូនលោក ដូ វឹកហឹង អំពីកិច្ចសហប្រតិបត្តិការប្រពៃណី ក្នុងនាមជាប្រទេសជិតខាងល្អ។
លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងចរចា របស់គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការសម្រេចបាននូវឯកសារ ស្តីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែន សម្រាប់ធ្វើការចុះហត្ថលេខា នៅក្នុងពេលឆាប់ៗខាងមុខ។
សូមជម្រាបថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានគិតជាទឹកប្រាក់ ៣,៨ប៊ីលានដុល្លារ គឺបានកើនឡើង ២៩% ធៀបនឹងឆ្នាំ២០១៦។ ទន្ទឹមគ្នានេះ តាមរយៈគម្រោងវិនិយោគចំនួន ២០៦គម្រោង ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៣,២ប៊ីលានដុល្លារ បានធ្វើឱ្យវៀតណាម ក្លាយជាដៃគូវិនិយោគធំទី៥ របស់កម្ពុជា ខណៈក្រុមហ៊ុនរបស់កម្ពុជា បានវិនិយោគត្រឹមតែ ១៨គម្រោង នៅក្នុងប្រទេសវៀតណាម ដែលតម្លៃជាទឹកប្រាក់ ៥៨,១លានដុល្លារប៉ុណ្ណោះ។