(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្អែកនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក វ៉ាង វិនធាន (Wang Wentain) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេស មេគង្គ-ឡានឆាង នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
គួរកត់សម្គាល់ថា គម្រោងកម្ពុជាចំនួន១៩ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាងលើកទី៤ នៅទីក្រុងហ្លួងប្រាបាង្គ ប្រទេសឡាវ កាលពីថ្ងៃទី ១៦-១៧ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់សរុបចំនួន ៧.៦៦៤.៥៥៦,៣០ ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់លើសកម្មភាពនានា ដែលទាក់ទងនឹងការពង្រឹងសមត្ថភាព ការអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរ កម្មវិធី៕