Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិករខេត្តព្រះវិហារ សប្បាយចិត្តប្រមូលផលដំឡូងមីសរីរាង្គ លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា, មន្រ្តីកសិកម្មរំពឹងថា ការផលិតដំឡូងមីសរីរាង្គនឹងកើនឡើងបន្តទៀត

13-02-2019 17:53

(ព្រះវិហារ)៖ រយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញប្រជាកសិករ ដែលបានចុះកិច្ចសន្យាលក់ដំឡូងមីសរីរាង្គ ជូនក្រុមហ៊ុនក្នុងខេត្តព្រះវិហារ កំពុងតែមមាញឹកក្នុងការប្រមូលផល ដំឡូងមីសរីរាង្គរបស់ខ្លួន ក្រោយពីដាំដុះអស់រយៈពេលជាច្រើនខែកន្លងមក។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ដំឡូងមីសរីរាង្គស្រស់ប្រភេទលេខ១ ដែលបានចុះកិច្ចសន្យាព្រមព្រាងលក់ឲ្យក្រុមហ៊ុន ប្រភេទលេខ១ បានតម្លៃ៣៦៨រៀល ក្នុងមួយគីឡូក្រាម ប្រភេទលេខ២ បានតម្លៃ៣៥២រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះមានភាពប្រសើរជាងលក់ឲ្យឈ្មួញនៅខាងក្រៅ មិនតែប៉ុណ្ណោះមានសុវត្ថិភាពតម្លៃ ទោះបីទីផ្សារដំឡូងមានការធ្លាក់ចុះក៏ដោយ។

លោកប្រធានមន្ទីរកសិកម្ម បានឲ្យដឹងទៀតថា កិច្ចសន្យាផលិតកម្មដំឡូងមីសរីរាង្គស្រស់ របស់សហគមកសិកម្មក្នុងខេត្តព្រះវិហារ មានចំនួន៨សហគមន៍ សម្រាប់លក់ឲ្យក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ក្នុងបរិមាណ១០,៧៤៨តោន ដែលមានកសិករផលិតចំនួន៥៧៧គ្រួសារ និងមានផ្ទៃដីផលិតសរុប ៧៨,៩០១ហិកតា។

ផ្អែកតាមទិន្នផលដែលប្រជាសហគមផលិតបាននៅក្នុងឆ្នាំនេះ លោក ពឹង ទ្រីដា រំពឹងថា នៅឆ្នាំក្រោយនឹងមានសហគមន៍ផ្សេងទៀត ផលិតដំឡូងមីសរីរាង្គ លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា មានការកើនឡើងជាក់ជាមិនខាន ព្រោះដោយសារមានតម្លៃថេរ តាមអ្វីដែលបានចុះកិច្ចសន្យាជាមួយគ្នា លើសពីនេះមិនបាច់កាប់ចិញ្រ្ចាំហាលថ្ងៃនោះទេ៕