(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សាលាប៊ែលធី អន្តរជាតិ បានរៀបចំការប្រឡងសំណេររបស់សិស្សចំណេះទូទៅ ពីថ្នាក់ទី៧ ដល់ទី១២ ក្រោមប្រធានបទ «ទិវាបុណ្យ នៃក្ដីស្រឡាញ់» នៅគ្រប់សាខាសាលា ប៊ែលធីអន្តរជាតិទាំងអស់ ដើម្បីឲ្យសិស្សានុសិស្សបានស្វែងយល់កាន់តែច្បាស់ ពីអត្ថន័យពិតនៃទិវានេះ។
តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលាប៊ែលធីអន្តរជាតិ បានឲ្យដឹងថា សាលាប៊ែលធី អន្តរជាតិ បានបង្កើតកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៨សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១៖កម្មវិធីបង្កើនចំណេះដឹងទូទៅ, ទី២៖កម្មវិធីពង្រឹងស្មារតី, ទី៣៖កម្មវិធីទស្សនកិច្ចសិក្សា, ទី៤៖កម្មវិធិសិក្សាតាមទូរទស្សន៍, ទី៥៖កម្មវិធីប្រឡងសំណេរ, ទី៦៖កម្មវិធីប្រកួតប្រជែងគណិតវិទ្យា, ទី៧៖កម្មវិធីប្រកួតប្រជែងទេពកោសល្យ និងទី៨៖កម្មវិធីកីឡា។
លោក ប៊ុត ឌីម៉ង់ បានបន្ថែមថា ជារៀងរាល់ឆ្នាំសាលាតែងតែធ្វើការផ្សព្វផ្សាយពីអត្ថន័យ នៃទិវាបុណ្យនៃក្ដីស្រឡាញ់ ជូនដល់សិស្សប៊ែលធី ទាំង១៩សាខានៅតាមថ្នាក់ និងពេលគោរពទង់ជាតិ ហើយថ្ងៃទី១៣ កុម្ភៈនេះ សាលាបានរៀបចំឲ្យសិស្សចំណេះទូទៅពីថ្នាក់ទី៧ ដល់ទី១២ ចំនួន២៤,១២៧នាក់ ប្រឡងសំណេរក្រោមប្រធានបទ «ទិវាបុណ្យ នៃក្ដីស្រឡាញ់» ដោយយកពិន្ទុប្រឡងនេះ គឺត្រូវបូកបញ្ចូលជាមួយពិន្ទុប្រឡងប្រចាំខែ មុខវិជ្ជាសីលធម៌-ពលរដ្ឋ។
ក្នុងឱកាសនោះ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានលើកឡើងថា ការប្រឡងនេះធ្វើឡើងក្នុងគោលបំណងឲ្យសិស្សានុសិស្សទាំងអស់ នៃសាលាប៊ែលធីអន្តរជាតិ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យទិវាបុណ្យ នៃក្ដីស្រឡាញ់ នៅថ្ងៃទី១៤ កុម្ភៈ។ ដោយកន្លងមក មានការយល់ច្រឡំថា ទិវានេះជាទិវាបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ដែលហេតុធ្វើឲ្យភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរយើង។
ម៉្យាងវិញទៀតទិវានេះ ពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរយើងទេ ទើបសាលាប៊ែលធីអន្តរជាតិ រៀបចំកម្មវិធីប្រឡងនេះឡើង ដើម្បីទប់ស្កាត់ សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់នេះ និងឲ្យសិស្សានុសិស្ស យល់ពីអត្ថន័យពិតនៃទិវានេះ។
សូមបញ្ជាក់ថា សាលាប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធីទាំង១៩សាខា ថ្នាក់ចំណេះទូទៅ ឆមាសទី២ និងថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បង់ថ្លៃសិក្សា១វគ្គផ្តល់ជូនសៀវភៅគូល័រច្បាប់ដើម១ឈុតផងដែរ៕