(ភ្នំពេញ)៖ ធនាគារ ABA ដែលជាសមាជិកពេញសិទ្ធិនៃសម្ព័ន្ធធនាគារជាតិកាណាដា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រកាសបើកដំណើរជាផ្លូវការ នូវ មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មជាលើកដំបូង ដើម្បីផ្តល់សេវាធនាគារដែលមានគុណភាព ជូនដល់វិស័យសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនធំៗ ក៏ដូចជាក្រុមហ៊ុនសាជីវកម្មពហុជាតិ និងអាជីវកម្មក្នុងស្រុក ដែលកំពុងប្រតិបត្តិការយ៉ាងលេចធ្លោនៅកម្ពុជា។ ទីតាំងស្ថិតនៅជាន់ទីមួយនៃអគារការិយាល័យកណ្តាលរបស់ខ្លួន នៅតាមបណ្តោយមហាវិថីព្រះសីហនុ ។
ក្នុងឱកាសនោះ លោក ឈន ម៉ង់ឌី ប្រធាននាយកដ្ឋានសេវាធនាគារអាជីវកម្ម បានថ្លែងថា «មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មនេះ ជាកន្លែងដែលម្ចាស់អាជីវកម្ម អាចអាស្រ័យពឹងពាក់បាន ក្នុងការបំពេញតំរូវការផ្នែកធនាគារ ដល់ពួកគាត់ ហើយវត្តមានរបស់មជ្ឈមណ្ឌលនេះ នឹងឆ្លើយតបទៅនឹងការកើនឡើងនៃតំរូវការផ្នែកទីផ្សារនៅកម្ពុជា និងជួយបង្កើនប្រសិទ្ធភាពផ្នែកបម្រើអតិថិជនរបស់យើងឲ្យបានកាន់តែប្រសើរ» ។
លោកបានបន្ដថា ចាប់ពីពេលនេះតទៅ អតិថិជន ABA ដែលជាម្ចាស់អាជីវកម្ម អាចប្រើប្រាស់កន្លែងថ្មីនេះ បន្ថែមលើសាខារបស់ធនាគារដែលមានស្រាប់ ដើម្បីធ្វើប្រតិបត្តិការធនាគាររបស់ពួកគេ និងអាចចូលប្រើប្រាស់ហិរញ្ញវត្ថុអាជីវកម្មរបស់ពួកគេបានយ៉ាងងាយស្រួល។នៅមជ្ឈមណ្ឌលថ្មីនេះ អតិថិជន អាចទទួលបានការប្រើប្រាស់សេវារបស់ធនាគារ ABA យ៉ាងសម្បូរបែប រួមមានការគណនីចរន្តនិងសន្សំ, ការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក, រតនាគារ, ឥណទាននិងហិរញ្ញប្បទានពាណិជ្ជកម្ម, ការគ្រប់គ្រងសាច់ប្រាក់, កាតឥណពន្ធ/ឥណទានសម្រាប់អាជីវកម្ម, បង់សេវាកម្មផ្សេងៗ, សេវាប្រមូលប្រាក់និងការបង់ប្រាក់, ធនាគារអនឡាញសម្រាប់អាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់អាជីវកម្ម។
ទន្ទឹមនឹងនោះ លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍអាជីវកម្ម បានលើកឡើងផងដែរថា កំណើនអតិថិជនផ្នែកអាជីវកម្ម ជាពិសេសអាជីវកម្ម ដែលមានរចនាសម្ព័ន្ធ ស្មុគ្រស្មាញ បានតំរូវឲ្យធនាគារ ABA បង្កើនហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ចាប់តាំងពីធនធានមនុស្ស រហូតដល់ផលិតផល និងបែបបទដំណើរការ ដើម្បីបន្តផ្ដល់ និងបំពេញតាមការរំពឹងទុករបស់គាត់។
ជាងនេះទៅទៀត មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ត្រូវបានរៀបចំឡើង ដោយអ្នកឯកទេស ដើម្បីផ្ដល់នូវសេវាពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ ដែលមានគុណភាពសម្រាប់អតិថិជនគោលដៅ ដែលកំណត់ដោយមជ្ឈមណ្ឌល ។ សម្រាប់អតិថិជន ផ្នែកអាជីវកម្មដែលមានកិច្ចសន្យាជាមួយធនាគារ ABA ក៏អាចសម្រួលនិងធ្វើប្រតិបត្តិការ របស់ពួកគាត់ នៅមជ្ឈមណ្ឌលនេះផងដែរ ។
លោកបញ្ជាក់បន្ថែមថា «មជ្ឈមណ្ឌលនេះ នឹងសម្រួលដល់ប្រតិបត្ដិការ គ្រប់ប្រភេទ តាមតំរូវការអតិថិជន ផ្នែកអាជីវកម្មនានា ហើយយើងគ្រោងនឹងបង្កើតអ្វីថ្មីៗជាច្រើនទៀត ដែលអាចជួយអតិថិជន ផ្នែកអាជីវកម្ម ផ្ដោតលើកិច្ចការរបស់ពួកគាត់ ខណៈដែលខាងធនាគាររបស់យើងជាអ្នកគ្រប់គ្រងប្រត្ដិបត្ដិការ» ។
ធនាគារ ABA គឺជាធនាគារមួយក្នុងចំណោមធនាគារដែលឈាមមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ មានឈ្មោះថាធនាគារ វឌ្ឍនៈអាស៊ីចំកាត់។ សព្វថ្ងៃនេះ ABA ផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន ដែលរួមមានសហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច និងបុគ្គលផងដែរ ៕