(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ ព័ត៌មានស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធទំនិញនាំចូលគ្រប់មុខ លើកលែងតែអាវុធហៅកាត់ថា EBA កំពុងត្រូវបានមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមប្រឆាំងដែល ជាកូនអុកបំរើភូមិសាស្ត្រ នយោបាយលោកខាងលិចយក ទៅបំប៉ោង បំភាន់និងបំភ័យបន្ថែមដើម្បីធ្វើឲ្យប្រជាពលរដ្ឋ កម្មករ កសិករ មានការព្រួយបារម្ភដើម្បីកេងយកចំណេញខាងនយោបាយ បើទោះបីជានេះគ្រាន់តែជាដំណាក់កាលនៃការផ្តើមនីតិវិធី ដើម្បីឈានទៅសម្រេចចិត្តថា តើត្រូវព្យួរ ឬមិនព្យួរតែប៉ុណ្ណោះ។
ការព្រួយបារម្ភពីការបាត់បង់ EBA មិនខុសទេពីព្រោះទោះតិចឬច្រើនវានឹងធ្វើឲ្យកម្ពុជាយើងខាតបង់ពីព្រោះប្រព័ន្ធ EBA នេះអាចឲ្យយើងចំណេញខាងសេដ្ឋកិច្ចមួយចំនួនដែរ ដែលក្នុងនាមជាខ្មែរមិនចង់ឲ្យវាបាត់បង់នោះទេ។ ការសោកស្តាយក្នុងនាមមនុស្សដែលមានសញ្ញាញាណជាខ្មែរ គិតពីផលប្រយោជន៍ខ្មែរ ជាការចៀសមិនផុត និងជាអ្វីដែលគួរឲ្យគោរព។ ប៉ុន្តែការយកបញ្ហា EBA ទៅធ្វើជាប្រធានបទចំអក ឡកឡឺយ សប្បាយត្រេកអរសាទរពីសំណាក់ខ្មែរមួយចំនួនដែលបង្ហាញសារជាតិជាមនុស្សទ្រូសផលប្រយោជន៍ជាតិខ្លួនឯង គឺជារឿងមិនគួរគប្បីទាល់តែសោះ។
ដំណាក់កាលនេះ ប្រសិនបើខ្មែរគិតផលប្រយោជន៍ជាតិខ្លួនឯងជាធំ ខ្មែរគ្រប់គ្នា គ្រប់និន្នាការ មិនថាអ្នកនយោបាយ ឬអ្នកធ្វើការក្នុងសង្គមស៊ីវិល ឬក្នុងវិស័យជំនួញឡើយ ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យ សហភាពអឺរ៉ុបព្យួរ EBA ។ បញ្ហាបែបនេះ បើនៅប្រទេសមួយចំនួន ជាពិសេសប្រទេសជិតខាងយើងក្នុងតំបន់ គេប្រាកដជាអាចធ្វើបាន។ ប៉ុន្តែ គួរឲ្យសោកស្តាយ នៅកម្ពុជាយើង មានខ្មែរមួយចំនួនមិនត្រឹមតែមិនបានជួយការពារផលប្រយោជន៍ជាតិ តែបែរជាដើរតួនាទីជាកាតាលីករក្នុងការធ្វើឲ្យ សហភាពអឺរ៉ុបសម្រេចព្យួរ EBA ទៅវិញ។ លើសពីនេះ ពួកគេបានបង្ហាញពីភាពត្រេកត្រអាល សាទរចំពោះការបាត់បង់ផលប្រយោជន៍ជាតិដែលមិនគួរគប្បីនឹងកើតមានទាល់តែសោះ។
ទោះជាពេលនេះមនុស្សជាច្រើនកំពុងសំឡឹងមើលតែផ្នែកអវិជ្ជមានចំពោះការបាត់បង់ EBA ជាយថាហេតុក៏ដោយចុះ ប៉ុន្តែ តាមពិត ការបាត់បង់ EBA មិនមែនសុទ្ធតែអាក្រក់នោះទេ។
ខ្ញុំបានមើលឃើញផលវិជ្ជមាន ឬផលចំណេញជាច្រើន និងធំធេងក៏អាចថាបានសម្រាប់កម្ពុជាផងដែរដែលកើតចេញពីការបាត់បង់ EBA ជាយថាហេតុ នៅពេលខាងមុខ។ តើអ្វីដែលជាផលចំណេញសម្រាប់កម្ពុជាពីការបាត់បង់ EBA?
ចំណេញទី១៖ ការព្យួរ EBA ប្រសិនបើកើតមានមែនគឺជាវិញ្ញាសាសំខាន់ណាស់ សម្រាប់សាកល្បងភាពរឹងមាំរបស់កម្ពុជាក្នុងការរៀនរស់ ដោយម្ចាស់ការខ្លួនឯង។ ខ្ញុំជឿជាក់ថា ប្រទេសកម្ពុជាយើងទម្រាំមកដល់ដំណាក់កាលនេះបានហែលឆ្លងកាត់ព្យុះកំបុតត្បូង ផ្គរ រន្ទះ ភ្លៀង រលកយក្សស៊ូណាមិ គ្រប់បែបយ៉ាងអស់ហើយ។ ដូច្នេះ EBA គ្រាន់តែជាភ្លៀងកក់ខែមួយមេតូច ដែលគ្រាន់តែអាចធ្វើឲ្យយើងទទឹកខ្លួនប្រាណបន្តិចបន្តួចប៉ុណ្ណោះ។ ដោយគ្រាន់តែប្រើឆ័ត្របាំងបន្តិចបន្តួចក៏រួចរាល់ហើយ។ បន្ទាប់ពីនោះទៅ កម្ពុជានឹងកាន់តែរឹងមាំ ក្នុងភាពជាម្ចាស់ប្រទេស ដោយមិនពឹងផ្អែកខ្លាំងលើជំនួយបរទេសទៀតឡើយ។ នេះជាចំណុចសំខាន់ណាស់សម្រាប់ពង្រឹងភាពរឹងមាំ និងឯករាជម្ចាស់ការ និងកាន់ក្តាប់ជោគវាសនាដោយខ្លួនឯងក្នុងនាមជាប្រទេសដែលបាន ចាកចេញហើយពីស្ថានភាពក្រីក្រទៅកាន់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។
ចំណេញទី២៖ ការព្យួរ EBA ដោយអយុត្តិធម៌ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប្រសិនបើកើតមានមែន កម្ពុជាអាចកាត់បន្ថយបានមួយចំនួនធំនូវការលូកកកូរកកាយចូលកិច្ចការផ្ទៃក្នុង ពីសំណាក់បរទេសពីព្រោះសូមកុំភ្លេចថា បើសហភាពអឺរ៉ុបហ៊ានព្យួរ EBA ពីកម្ពុជាមែន មានន័យថា សហភាពអឺរ៉ុបខ្លួនឯងនិយាយដោយឡែក និងលោកខាងលិចទាំងមូលនិយាយជារួម កំពុងកាត់បន្ថយឥទ្ធិពលរបស់ខ្លួនមកលើកម្ពុជាជាស្វ័យប្រវត្តិ។
ពួកគេនឹងគ្មានទឹកមាត់ប្រៃទៀតឡើយមកលើកម្ពុជាពីព្រោះថាកម្ពុជាមិនត្រូវការស្តាប់ពួកលោកខាងលិចទៀតឡើយដោយសារតែកម្ពុជាគ្មានផលប្រយោជន៍អ្វីពីពួកគេទាល់តែសោះ។ នេះគឺជាភាពរឹងមាំថ្មីទៀតរបស់កម្ពុជា នៅចំពោះមុខឥទ្ធិពលរបស់បរទេស។
ចំណេញទី៣៖ នេះជាឱកាស មាសសម្រាប់កម្ពុជាក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តផ្សេងទៀតនៅក្នុងបរិបទនៃពិភពលោកពហុប៉ូលដើម្បីទទួលបានផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំង។ សូមកុំភ្លេចថា កម្ពុជាពេលនេះជាកូនក្រមុំដ៏ស្រស់ស្អាតដែលមហាអំណាចពហុប៉ូលកំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់។ បើមហាអំណាចណាមួយធ្វើឲ្យរបូតដៃចេញពីកម្ពុជាហើយ មហាអំណាចផ្សេងទៀតនឹងបោះដៃមករកកម្ពុជាដោយមិនរង់ចាំថ្ងៃស្អែកឡើយ។ ដូច្នេះកម្ពុជានឹងមិនឯកោឡើយ ផ្ទុយទៅវិញ នេះជាកាលានុវត្តភាពថ្មីសម្រាប់កម្ពុជាក្នុងការធ្វើឲ្យមានសន្ទុះសេដ្ឋកិច្ចថ្មីតាមរយៈការវិនិយោគខាងក្នុងផង និងខាងក្រៅផង។
ចំណេញទី៤៖ ប្រសិនបើមហាអំណាចលោកខាងលិចអស់ទឹកមាត់ប្រៃជាមួយកម្ពុជា ក្រុមប្រឆាំងជ្រុលនិយមដែលជាកូនជឹងរបស់លោកខាងលិចក៏ បាត់បង់ទីពឹងជាស្វ័យប្រវត្តិ។ កម្ពុជានឹងស្គាល់ភាពស្ងប់សុខជាងមុន ស្គាល់ការអភិវឌ្ឍន៍លឿនជាងមុនពីព្រោះ អ្នកវិនិយោគទុនក្នុងស្រុកនឹងបង្កើនការវិនយោគរបស់ខ្លួន ដោយសារពួកគេមានជំនឿលើរាជរដ្ឋាភិបាល និងជឿជាក់ លើសុខសន្តិភាព និងស្ថេរភាពនយោបាយនិងសង្គមកាន់តែខ្លាំងជាងមុនដោយសារតែគ្មានពួករំខានអុកឡុករុកគួនច្រើនដូចមុនទៀតឡើយ។
ចំណេញទី៥៖ ប្រជាពលរដ្ឋខ្មែរ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ កសិករ ដែរ នឹងកាន់តែខិតខំប្រឹងប្រែងជាងមុនពីព្រោះពួកគេយល់ថា មានតែបាតដៃរបស់ខ្លួន មានតែកម្លាំងញើសឈាមរបស់ខ្លួនផ្ទាល់ទេដែលអាចបង្កើតលុយដ៏មានតម្លៃ និងមានស្ថិរភាព សម្រាប់ពួកគេពិតប្រាកដ។ ការពឹងលើដង្ហើមពីខាងក្រៅ និងការស្រមើស្រមៃតាម
អ្នកនយោបាយសន្យាគ្មានព្រំដែននឹងគ្មានន័យសម្រាប់ពួកគេទៀតឡើយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលគួរដឹកនាំយុទ្ធនាការថ្នាក់ជាតិមួយដើម្បីធ្វើជាស្នូលក្នុងការពង្រឹងស្មារតីជាតិនិយមផង និងស្មារតីឯករាជ្យ ម្ចាស់ការរបស់សង្គមខ្មែរផងក្រោមទិសស្លោក«ខ្មែរអាចរស់ដោយខ្លួនឯងបាន»។
សរុបទៅ វាជាការសោកស្តាយប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរ EBA ពីកម្ពុជាជាយថាហេតុ នៅពេលខាងមុខក្រោមរបៀបវារៈនយោបាយ។ ប៉ុន្តែ ប្រសិនបើវាអាចកើតឡើងមែន យើងមិនត្រូវទុទិដ្ឋិនិយម, មិនត្រូវអស់សង្ឃឹមដោយសារតែផលវិបាកអវិជ្ជមានមួយចំនួនដែលកើតឡើងក្នុងរយះពេលខ្លីដោយសាររឿងនេះឡើយ។ ផ្ទុយទៅវិញ យើងត្រូវចាត់ទុកថានេះជាឧបសគ្គតូចតាចមួយប៉ុណ្ណោះសម្រាប់យើងឆ្លងកាត់ ដើម្បីឈានទៅពង្រឹងឯករាជ្យ ភាពសេដ្ធកិច្ចខ្លួនឯងហើយឈានទៅមុខឆ្ពោះទៅអនាគតដ៏រឹងមាំមួយនាពេលខាងមុខ។
ខ្ញុំជឿថា ខ្មែរអាចរស់ដោយបាតដៃខ្លួនឯងបាន។ សម្រាប់ខ្ញុំ ទាំងអស់នេះអាចចាត់ទុកជាផលចំណេញធំធេងពីការព្យួរ EBA ៕
ដោយ៖ សាស្ត្រាចារ្យផ្នែកមនុស្សាស្ត្រ និងសង្គមសាស្ត្រ!