(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឲ្យលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ដឹកនាំមន្ត្រីពាក់ព័ន្ធនានា នាំយកលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទៅបង្ហាញ និងជម្រាបជូនឲ្យលោក ស៉ីន ប៊ុណ្ណា ម្ចាស់ទីតាំងសិប្បកម្មផលិតទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង និងទឹកត្រីបុក ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ២ ក្រុមទី១១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ដែលត្រូវប្រជាពលរដ្ឋក្បែរខាងប្ដឹងថាជះក្លិនស្អុយនោះ បិទអាជីវកម្មជាស្ថាពរ ឬប្ដូរចេញ ចាប់ពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។
លោក លឹម សាម៉ឺឌី បានបញ្ជាក់ថា ការសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការបិទ ឬប្ដូរទីតាំងចេញទៅលើសិប្បកម្ម ផលិតទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង ទឹកត្រីបុកខាងលើនេះ គឺបានអនុវត្តទៅតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋអ្នកក្បែខាង ជាមួយការចូលរួមដោះស្រាយជាបន្តបន្ទាប់ របស់អាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់-ខណ្ឌ និងការិយាល័យជំនាញពាក់ព័ន្ធមួយចំនួនទៀត ក្រោមការដឹកនាំរបស់លោក ជា ពិសី អភិបាលខណ្ឌ រយៈពេល៦ខែមកហើយ រហូតចេញជាសេចក្ដីជូនដំណឹងមកម្ចាស់អាជីវកម្មជាច្រើនសារ ដើម្បីធ្វើការកែសម្រួលឡើងវិញ ជៀសវាងជះក្លិនស្អុយ ប៉ុន្តែម្ចាស់ទីតាំងនូវតែមិនអាចអនុវត្តបាន។
ប្រធានការិយាល័យរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីធ្វើកំណត់ហេតុ និងអានខ្លឹមសារជូនម្ចាស់ទីតាំងផលិតទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង និងទឹកត្រីបុក លោកស្រី ពិន ពេជ្រម៉ាលី តំណាងឲ្យលោក ស៉ីន ប៊ុនណ្ណា បានឯកភាពអនុវត្តតាមការសម្រេចបិទអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែសំណូមពរមកអាជ្ញាធរឲ្យជួយពន្យារយៈពេល៩ខែក្រោយ ក្នុងការវិចខ្ចប់ផលិតផលដែលនៅសេសសល់ឲ្យអស់ជាមុនសិន ដើម្បីផ្លាស់ប្ដូរទីតាំងចេញ ដោយរាប់គិតចាប់ពីថ្ងៃនេះតទៅ បើក្នុងករណីមិនអនុវត្តតាមការសន្យានោះទេ សម្រេចមានវិធានការតាមបែបបទរដ្ឋបាលទៅចុះ។
លោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌឬស្សីកែវ ដែលជាអ្នកដឹកនាំផ្ទាល់ បានបង្ហាញថា ក្នុងសកម្មភាពថ្ងៃនេះ ក្នុងនាមអាជ្ញាធរគ្រោង នឹងបិទទីតាំងសត្តឃាតមាន់មួយកន្លែងទៀតរបស់លោក សុខ សុគន្ធ ស្ថិតនៅផ្ទះលេខ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ តែដោយសារម្ចាស់អាជីវកម្ម បិទទ្វារផ្ទះចោលទៅហើយ និងសម្រេចលើកទៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដោយតាមការពិនិត្យពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានរាជធានី និងរបាយការណ៍របស់រដ្ឋបាលខណ្ឌ និងពាក្យបណ្ដឹងនៃការរងផលប៉ះពាល់ដល់សុខភាព បរិស្ថាន ជុំវិញការរស់នៅរបស់ប្រជាពលរដ្ឋជាង២០គ្រួសារ ដែលសម្រេចដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕