(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាជំនួយការសម្ដេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រុមអាជីវករលក់ដូរ ឲ្យជួយសហការបញ្ឈប់រាល់ការយកចំណីចិញ្ចើមផ្លូវសាធារណៈមកប្រើប្រាស់ប្រកបរបរអាជីវកម្ម ដែលធ្វើបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ កកស្ទះចរាចរណ៍ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាដើម ក្នុងការចូលរួមលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ។
ក្រោយមានការណែនាំពីលោកអភិបាលខណ្ឌរួចមក លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដែលដឹកនាំមន្ត្រីពាក់ព័ន្ធខណ្ឌ សង្កាត់ ភូមិ កម្លាំងនគរបាល អាវុធហត្ថ និងប្រជាការពារជាច្រើននាក់ បន្តប្រតិបត្តិការក្នុងយុទ្ធនាការរំដោះចិញ្ចើមចំណីផ្លូវសាធារណៈ ចាប់ពីទល់ផ្លូវលេខ៧០ ខាងមុខសណ្ឋាគារបុប្ផារាជធានី រហូតមកដល់ជុំវិញវិញបរិវណផ្សារសាំហាន់ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ក្នុងយុទ្ធនាការនេះ លោក ប្រាជ្ញ សីហា បានអះអាងថា ការរំដោះចំណីផ្លូវសាធារណៈនេះ គឺត្រូវបានអនុវត្តឡើងយ៉ាងមមាញឹកជាប្រចាំ តាមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងឈានទៅរកភាពល្អប្រសើរ ក្នុងការទប់ស្កាត់ ការបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ កកស្ទះចរាចរណ៍ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ នោះលុះត្រាតែមានការចូលរួមសហការ លើការណែនាំពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ សំដៅទៅលើប្រជាអាជីវករលក់ដូរគ្រប់ប្រភេទ បានជ្រួលជ្រាបយល់ដឹងច្បាស់អំពីបញ្ហាប្រឈមផ្លូវច្បាប់បានច្រើន ដែលបានយកចំណីចិញ្ចើមផ្លូវសាធារណៈមកប្រើប្រាស់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន និងមានចំនួនតិចតួចតែប៉ុណ្ណោះ សម្រាប់អាជីវករដែលបំពាន៕