(ភ្នំពេញ)៖ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរពីការប្រើរ៉ឺម៉កកង់បីខ្មែរ មកប្រើប្រាស់កង់បីនាំចូលពីប្រទេសឥណ្ឌា មានការកើនឡើងគួរឲ្យចាប់អារម្មណ៍។ ការណ៍នេះ បានធ្វើឱ្យឱកាសអាជីវកម្មនៃការនាំចូល និងចែកចាយកង់បីឥណ្ឌានៅកម្ពុជា កាន់តែច្រើនឡើងៗ។
ជាក់ស្ដែងគេសង្កេតឃើញនៅលើដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ស្ទើរតែគ្មានវត្តមានកង់បីខ្មែរទៅហើយ និងបានផ្លាស់មកវិញនូវកង់បីឥណ្ឌា។
ដោយមើលឃើញពីតម្រូវការជាបន្តបន្ទាប់បែបនេះ ក្រុមហ៊ុន Bajaj បានបន្ថែមការនាំចូល កង់បីសេរីថ្មី មកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អ្នកប្រកបអាជីវកម្មកង់បី។
កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមហ៊ុន Bajaj បានបង្ហាញប្រកាសសម្ពោធនាំចូលរ៉ឺម៉កកង់បីមួយប្រភេទទៀត ដែលមានឈ្មោះថា បងធំ Bajaj Maxima Z (បាចាច ម៉ាក់ហ្ស៊ីម៉ា ហ្ស៊ីត) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកចែកចាយជាច្រើនផងដែរ។
បើតាមតំណាងក្រុមហ៊ុន បានឱ្យដឹងថា តាមពិតទៅ កង់បីនេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលប៉ុន្មានខែមកហើយ បានធ្វើពិធីសម្ភោធជាផ្លូវការ ទើបធ្វើពិធីផ្លូវការ ដើម្បីបង្ហាញដល់អ្នកចែកចាយ និងអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា កង់បីស៊េរីថ្មីនេះ នឹងមានការគាំទ្រកាន់តែច្រើនពីសំណាក់អតិថិជន នៅកម្ពុជា នឹងអាចចូលរួមចំណែកក្នុងការកសាងជីវភាពរបស់ប្រជាពលរដ្ឋដែល បានប្រើប្រាស់កង់បី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះ បានឱ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ ហើយបច្ចុប្បន្ននេះ មានដៃគូរពាណិជ្ជកម្មចំនួន៥២ ដែលលក់បានចំនួន ជាង៣ម៉ឺនគ្រឿង។ សេចក្តីប្រកាសនោះបានបន្តថា ក្រុមហ៊ុនក៏បានបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា បង្កើតសុវត្ថិភាព សម្រាប់ការដឹកជញ្ជូន សាធារណៈ ហើយក៏បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ផងដែរ។
គួរបញ្ជាក់ផងដែរថា កង់បីឥណ្ឌា ដែលប្រកាសសម្ពោធកាលពីថ្ងៃទី១១ កុម្ភៈ ២០១៩នេះ មានទំហំទទឹង១,៣៥ម៉ែត្រ បណ្ដោយ២,៩ម៉ែត្រ និងកំពស់ ១,៨ម៉ែត្រ ដោយមានកម្លាំងម៉ាស៊ីនរហូតដល់ 236CC ដែលអាចបើកបរបានកាន់តែឆ្ងាយ ដឹកបានកាន់តែច្រើន និងបង្កើនប្រាក់ចំណូលផងដែរ។ កង់បីនេះដែរ ក៏មានគ្រឿងបន្លាស់សម្រាប់ជួសជុល និងប្តូរជូនអតិថិជននៅគ្រប់២៥រាជធានី-ខេត្ត ផងដែរ៕