(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានលើកឡើងថា នៅឆ្នាំ២០២០ ក្រសួងមហាផ្ទៃ នឹងបង្កើនថវិកាសម្រាប់ការអភិវឌ្ឍឃុំសង្កាត់ ដល់៧៣,០០០ដុល្លារអាមេរិក (ដោយមិនគិតថវិការដ្ឋ) នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នមានត្រឹម ៣៥,០០០ដុល្លារ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ​ឆ្នាំ២០១៨ និងលើកទិសដៅបន្ដ របស់ក្រសួងមហាផ្ទៃនៅព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការបង្កើនចំនួនថវិកានេះ បន្ទាប់ពីមានការជជែកពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការឯកភាព ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបង្ហាញឆន្ទៈនយោបាយរបស់រដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា ​«​​ឆ្នាំ២០២០ ​ឃុំសង្កាត់អាចនឹងមាន​ថវិកាអភិវឌ្ឍ​ន៍ មិនគិតថវិការដ្ឋបាលនោះទេ មានចំនួន៧៣,០០០ដុល្លារ នៅឆ្នាំ២០២០ ដែលបច្ចុប្បន្នមាន ៣៥,០០០ដុល្លារ​កើនជាង១០០ភាគរយ។ នៅឆ្នាំ២០២១ នឹងកើនដល់៨៥,០០០ដុល្លារ, ឆ្នាំ២០២២ នឹងកើនដល់១០០,០០០ដុល្លារ ឆ្នាំ២០២៣ នឹងកើនដល់ជាង១១០,០០០ដុល្លារ»

បើតាមសម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ការបង្កើនថវិកាទាំងអស់នេះ គឺ​ឆ្លុះបញ្ចាំងអំពី​ឆន្ទៈនយោបាយរបស់រដ្ឋាភិបាលដែលផ្ដល់លទ្ធភាព ទៅឲ្យរដ្ឋបាលថ្នាក់ឃុំសង្កាត់ ដែលជាអ្នកនៅជិតស្និតពលរដ្ឋមានថវិកាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន តាមសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

សូមជម្រាបថា នៅឆ្នាំ២០១៨ ថវិកាមូលនិធិឃុំ សង្កាត់ ដែលបានផ្ទេរពីថ្នាក់ជាតិមានចំនួន​៤៣៤ពាន់លានរៀល​។ មូលនិធិនេះ ត្រូវបាន​បែងចែកជាពីរ​សមាសភាព គឺសមាសភាពរដ្ឋបាល ចំនួន​២៦៤,៦៤៩លានរៀល និងសមាសភាពអភិវឌ្ឍ​មូលដ្ឋាន​ ចំនួន​១៦៩,៣៩២លានរៀល។

ក្នុងសមាសភាពអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់ បានរៀបចំសំណើគម្រោងឆ្នាំ២០១៨ ចំនួន​១,៧៨២គម្រោង ក្នុងនោះ គម្រោងបានដាក់ឲ្យដេញថ្លៃរួច ចំនួន​១.៣០៨គម្រោង (បានចុះកិច្ចសន្យា​សាងសង់ ១,១៣៣គម្រោង) បញ្ចប់ការសិក្សា​២៧០គម្រោង កំពុងសិក្សា​១៨៥គម្រោង និងមិនទាន់សិក្សា
ចំនួន​១៩​គម្រោង​។

ដោយឡែក សម្រាប់ការអនុវត្តកិច្ចសន្យាសាងសង់គម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០១៧ ចំនួន​១,៧១៥គម្រោង មកទល់ពេលនេះ គម្រោងបានបញ្ចប់ការសាងសង់ជាស្ថាពរ ចំនួន​១,៦​៣២គម្រោង កំពុងដំណើរការសាងសង់​៦៦គម្រោង មិនទាន់អនុវត្ត​១២គម្រោង និងអ្នកទទួលការបោះបង់ចោលចំនួន​០៥​គម្រោង៕