(កំពង់ធំ)៖ លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរ និងចែកចាយគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះបង្ក្រាបមុខ សញ្ញាចែកចាយគ្រឿងញៀន តាំងពីថ្ងៃរហូតដល់យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន១២នាក់ ដកហូតបានគ្រឿងញៀន១៨កញ្ចប់ រថយន្ត ហាយឡែនឌ័រមួយគ្រឿង ដែលក្រុមជនសង្ស័យប្រើប្រាស់ជាមធ្យោបាយចែកចាយនៅក្នុងក្រុងស្ទឹងសែន។
លោក អ៉ិត សុធា បានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវស៊ើបអង្កេតសកម្មភាពរបស់ជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង១២នាក់ និងគ្រឿងញៀន១៨កញ្ចប់នេះតែម្តង។ នៅក្នុងការបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀននេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្ត ចំនួន៥គ្រឿង ដើម្បីដេញប្រមញ់តាមចាប់ជនសង្ស័យនេះ។
ចំពោះប្រតិបត្តិការដ៏ក្តៅមួយនេះ លោកព្រះរាជអាជ្ញា បានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានលះបង់កម្លាំងចិត្តកម្លាំងកាយ ដើម្បីបំរើ ផលប្រយោជន៍ដល់ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ ទទួលបាននូវភាពកក់ក្តៅ និងសុវត្ថិភាព ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសដ៏ទៃត្រូវបានថយចុះ គួរឱ្យកាត់សម្គាល់ និងសម្រេចជោគជ័យ។
សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀត៕