(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញផ្សព្វផ្សាយបទបញ្ជាដ៏ ម៉ឺងម៉ាត់១០ចំណុច និងអភិក្រមទាំង៥របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់នាយនាវី នាយនាវីរង និងពលនាវិក ដើម្បីយកទៅអនុវត្តតាមជាដាច់ខាត។
ក្នុងខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងក្តីរីករាយយ៉ាងខ្លាំងចំពោះការរីកធំធាត់នៃកងទ័ពជើងគោក ដែលបង្កើតដោយផ្ទាល់ដៃរបស់សម្តេច។
ទន្ទឹមជាមួយសមិទ្ធិផលដ៏គាប់ប្រសើរនៃការរីកចម្រើនរបស់កងទ័ពជើងគោកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ និងដំបូន្មានជាច្រើនដល់កងទ័ព ដើម្បីឲ្យពួកគេបំពេញភារកិច្ចឲ្យបានកាន់តែល្អប្រសើរសម្រាប់ជាប្រយោជន៍ជាតិ និងប្រជាជន។
បទបញ្ជាដ៏ម៉ឹងម៉ាត់ចំនួន១០ចំណុច ត្រូវអគ្គមេបញ្ជាការកំពូលរបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញនៅចំពោះមុខលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ក៏ដូចជាមេបញ្ជាការរង និងនាយទាហាន ពលទាហានកងទ័ពជើងគោករាប់រយនាក់ដែលចូលរួមក្នុងពិធីនោះ។ បទបញ្ជាទាំង១០ចំណុចនោះរួមមាន៖
*ទី១៖ ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពកើតចេញពីប្រជាជន និងដើម្បីប្រជាជន
*ទី២៖ ត្រូវចូលរួមជាមួយកម្លាំងផ្សេងៗទៀត ដើម្បីរក្សាសន្តិភាព ទប់ស្កាត់អំពើរអសកម្ម គ្រឿងញៀន ចោរកម្ម ការពារសុវត្ថិភាពភូមិឃុំ ដើម្បីឲ្យប្រទេសជាតិមានសេចក្តីសុខ ជាពិសេសរួមគ្នារក្សាសន្តិភាព
*ទី៣៖ ខិតខំប្រយុទ្ធប្រឆាំងអំពើរភេវរកម្ម ទប់ស្កាត់អំពើរប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តពណ៌តាមរូបភាពណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្ក្រាបឲ្យទាន់ពេលវេលា ដោយមិនចាំបាច់ចាំបទបញ្ជានោះឡើយ
*ទី៤៖ កងទ័ពទាំងអស់មិនថានៅក្នុង ឬនៅក្រៅប្រទេសទេ គឺត្រូវចូលរួមជាមួយប្រជាពលរដ្ឋដែលជួបការលំបាក ក្រីក្រខ្វះខាត កុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកដោយសារទង្វើអាក្រក់អ្វីមួយពីកងទ័ពយើង
*ទី៥៖ កងទ័ពត្រូវគាំទ្រដល់ផ្នែកច្បាប់ ដូចជាចូលរួមការពារថែរក្សាព្រៃឈើ រក្សាធនធានធម្មជាតិផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសនានា
*ទី៦៖ គាំទ្រការប្រមូលចំណូលថវិកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់អំពើរពុករលួយ ដើម្បីជាប្រយោជន៍ជាតិ និងប្រទេសរីកចម្រើន ព្រមទាំងចូលរួមបង់ពន្ធបង្កើនចំណូលជាតិ
*ទី៧៖ ត្រូវខិតខំហ្វឹកហ្វឺន និងហ្វឹកហាត់បង្កើនសមត្ថភាព។ សម្តេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានយុទ្ធោបករណ៍ និងសម្ភារៈទំនើប តែបើមនុស្សមិនទំនើប គឺមិនអាចប្រើប្រាស់បានឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តាំកងទ័ពថា ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ
*ទី៨៖ ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈយុទ្ធោបករណ៍ដែលមាន ដើម្បីធានាថាអាវុធនៅតែអាចប្រើប្រាស់បាននៅពេលត្រូវការបន្ទាន់។ អង្គភាពទាំងអស់ត្រូវតែថែទាំសម្ភារ យុទ្ធភ័ណ្ឌរបស់ខ្លួនឲ្យបានល្អ មិនត្រូវឲ្យអត់សាំង អត់ប្រេង ឬប្រើមិនកើតពេលត្រូវការនោះទេ
*ទី៩៖ យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដូចជាជម្រកស្នាក់នៅ ចំណីអាហារ សម្ភារៈ ត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព។ ជាពិសេសត្រូវបង្កើនការសាងសង់ផ្ទះដល់កងទ័ព ដែលកំពុងឈរជើងតាមព្រំដែន និងផ្តល់សេវាថែទាំសុខភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន
*ទី១០៖ កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតយ៉ាងសំខាន់ជាមួយប្រទេសជិតខាង គឺរក្សាទំនាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទង និងសហប្រតិបត្តិការល្អជាមួយដៃគូថ្មីៗជាមួយអង្គភាព ប្រទេសជិតខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងយុទ្ធវិធីផ្សេងៗជាមួយយកងទ័ពនៃបណ្តាប្រទេសនានា។
ដោយឡែក អភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានយកទៅផ្សព្វផ្សាយនៅចំពោះមុខកងទ័ពជើងទឹកទាំងនោះរួមមាន៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់៕