(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៨ ដោយអនុលោមតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងស្មារតីអនុក្រឹត្យលេខ១២៩អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ជំរុញវិធានការពីរស្របគ្នា គឺធ្វើការដកហូតឯកសារដែលមានភាពមិនប្រក្រតីផង និងផ្សព្វផ្សាយជំរុញឲ្យជនបរទេសទាំងនោះ មកបំពេញពាក្យស្នើសុំប្រកាស ទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ផង។
របាយការណ៍ដែលបង្ហាញដោយក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ការងារដកហូតឯកសារនេះ សមត្ថកិច្ចចាត់វិធានការ ដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុង កាន់កាប់ប្រើប្រាស់ក្នុងកម្ពុជា បានចំនួន៣៥.០០១ឯកសារ ស្មើ៨៨,៧៩% នៃផែនការ។
ដោយឡែក ការងារទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមខែតុលា ឆ្នាំ២០១៨ ទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត (ចាប់ពី១៨ឆ្នាំឡើង) បានចំនួន៧៥,០៨៩នាក់ ស្មើ៥៩,៦៤% និងពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ បានចំនួន៥៧,៤៤៤នាក់ ស្មើ៤៥.៦២ភាគរយ។
ជាមួយគ្នានេះ ការងារគ្រប់គ្រងជនភៀសខ្លួន បច្ចុប្បន្នជនបរទេសដែលមានឋានៈជាជនភៀសខ្លួន ចំនួន៦១នាក់ ស្រី១៣នាក់ មាន០៨សញ្ជាតិ អ្នកសុំសទ្ធិជ្រកកោននៅសល់ ចំនួន០៨នាក់ ស្រី០២នាក់ មាន០៦សញ្ជាតិ និងជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ដែលមិនទទួលបានឋានៈជាជនភៀសខ្លួន កំពុងរស់នៅកម្ពុជាចំនួន៣២នាក់ (ស្រី២១នាក់)។
នៅក្នុងឆ្នាំ២០១៨ ក្រសួងបានអនុវត្តនីតិវិធី លើករណីស្នើសុំសិទ្ធិជ្រកកោននៅកម្ពុជា ចំនួន១៤នាក់ ស្រី០៥នាក់ មាន០៥សញ្ជាតិ។ គិតចាប់ពីឆ្នាំ២០០៨ មកទល់ពេលនេះ ក្រសួងបានអនុវត្តនីតិវិធីលើករណីស្នើសុំសិទ្ធិជ្រកកោននៅកម្ពុជា មានដូចជា៖ បិទករណីចំនួន១៩៣នាក់ ស្រី៦៤នាក់ មាន១៨សញ្ជាតិ កំពុងដំណើរការនីតិវិធីចំនួន១៦នាក់ ស្រី០៥នាក់ មាន០៧សញ្ជាតិ និងផ្តល់ឋានៈជាជនភៀសខ្លួន ចំនួន៤៤នាក់ ស្រី១៣នាក់ មាន០៦សញ្ជាតិ។
សម្រាប់ការងារគ្រប់គ្រងពលករបរទេសវិញ ក្នុងឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តជំរុញការចុះធ្វើអធិការកិច្ចហត្ថពលករបរទេស នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា រកឃើញពលករបរទេសគ្មានប័ណ្ណការងារ ចំនួន៣,០៦៤នាក់ ធ្វើការផាកពិន័យរដ្ឋបាលជាទឹកប្រាក់ចំនួន ១,៥៣២,០០០,០០០រៀល។ សរុបចាប់ពីឆ្នាំ២០១៤ មកទល់ពេលនេះ បានរកឃើញជនបរទេស ប្រកបមុខរបរខុសច្បាប់ ចំនួន១០,៦៦២នាក់ ផាកពិន័យរដ្ឋបាលជាទឹកប្រាក់បានចំនួន ៥,៣០១,៤០០,០០០រៀល៕