(ភ្នំពេញ)៖ គិតចាប់ពី១៩៩៩ មកដល់បច្ចុប្បន្ន ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម មានចំនួន១,៩៣៥នាក់ ក្នុងនោះវិនិយោគទុន១,៧០៧នាក់ មាន៣៩សញ្ជាតិ ស្នាក់នៅចាប់ពី០៧ឆ្នាំឡើង ២២៤នាក់ មាន២២សញ្ជាតិ និងស្នាដៃពិសេស០៤នាក់ មាន០៤សញ្ជាតិ។
របាយការណ៍ដែលបង្ហាញក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក៏បានបញ្ជាក់ដែរថា ជនបរទេសទទួលបានសញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ មានចំនួន៦៦នាក់ មាន២៩សញ្ជាតិ ហើយជនជាតិខ្មែរ ដែលបានលះបង់សញ្ជាតិខ្មែរ មានចំនួន១៣៥នាក់។
ក្នុងឆ្នាំ២០១៨ ក្រសួងបានពិនិត្យសម្រេចលើសំណើសុំចូលសញ្ជាតិខ្មែរ និងលះបង់សញ្ជាតិខ្មែរសរុបចំនួន២៨នាក់ ស្រី០៦នាក់ រួមមាន សុំចូលសញ្ជាតិ តាមលក្ខខណ្ឌវិនិយោគទុន២០នាក់ ស្រី០៣នាក់ សុំចូលសញ្ជាតិតាមលក្ខខណ្ឌស្នាក់នៅកម្ពុជាចាប់ពី០៧ឆ្នាំ ឡើង០២នាក់ និងសុំលះបង់សញ្ជាតិខ្មែរ០៦នាក់ ស្រី ០៣នាក់។
ដោយឡែកការងារស៊ើបអង្កេត និងបណ្តេញចេញជនបរទេសវិញ ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវជនបរទេសខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការងារស្រាវជ្រាវស៊ើបអង្កេត ស្វែងរកចាប់ខ្លួនជនបរទេសដែលជ្រៀតចូលមកស្នាក់នៅខុសច្បាប់ ស្នាក់នៅលើសរយៈពេលកំណត់ និងជនបរទេសមានពាក់ព័ន្ធបទល្មើសផ្សេងៗ។
ក្នុងរយៈពេលមួយឆ្នាំ២០១៨ បានរកឃើញ និងឃាត់ខ្លួនជនបរទេសល្មើសច្បាប់ចំនួន១,៣៤៨នាក់ មា ៥២សញ្ជាតិ និងបានរៀបចំនីតិវិធីបណ្តេញចេញ ពីព្រះរាជាណាចក្រកម្ពុជា។ គិតចាប់ពីឆ្នាំ២០១៤ មកទល់ពេលនេះ ក្រសួងបានបណ្តេញចេញជនបរទេសល្មើសច្បាប់ ចំនួន១៥,២៥៤នាក់ មាន៩១សញ្ជាតិ៕