(កំពង់ចាម)៖ បន្ទាប់ពីបានសង្កេតឃើញថាខេត្តកំពង់ចាម អាចនឹងមានការខ្វះទឹកប្រើប្រាស់ ក្នុងរយៈពេលខ្លី ដែលអាចបណ្តាលឱ្យខ្វះទឹកបូមបញ្ចូលស្រែ នាំឲ្យមានការខូចខាតដំណាំស្រូវ ទាំងមុននិងក្រោយនោះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ប្រជាពលរដ្ឋ កុំបន្តពង្រីកសាបព្រួសពូជស្រូវតទៅទៀត ព្រោះអាចនាំឲ្យខូចខាតប្រយោជន៍ ដោយសារតែការខ្វះទឹកប្រើប្រាស់ ដោយព្យាយាមមើលថែដំណាំស្រូវ ដែលបានដាំពីមុនរួចហើយ ដើម្បីប្រមូលផលទើបល្អជាង។
លោក គួច ចំរើន បានពន្យល់ណែនាំប្រជាពលរដ្ឋដូចនេះ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
លោក គួច ចំរើន បានថ្លែងដូចនេះថា «សូមបងប្អូនកុំបន្តពង្រីកសាបព្រួសពូជស្រូវតទៅទៀត ព្រោះខ្លាចខ្វះទឹកបូមបញ្ចូលស្រែ នាំឲ្យមានការខូចខាតដំណាំស្រូវ ទាំងមុន និងក្រោយ ហើយចំពោះដំណាំស្រូវ ដែលបានដាំពីមុនរួចហើយនោះ សូមបងប្អូនធ្វើការថែទាំបន្ត ប៉ុន្តែសុំឱ្យផ្អាកការសាបព្រួស ដំណាំស្រូវថ្មី ដោយហេតុថា ប្រភពទឹកមិនសូវសម្បូរ ហើយការបូមទឹកបញ្ចូលស្រែ អាចមានរយៈពេលខ្លី និងអស់ទឹកប្រើប្រាស់។ ម្យ៉ាងទៀត ដោយសារពេល នេះគឺជារដូវប្រាំងផងនោះ គឺអាចនឹងមានការរាំងស្ងួតហួតហែង ដែលប្រការនេះធ្វើឱ្យខ្វះទឹកស្រោចស្រពដំណាំស្រូវ ទាំងការដាំដុះមុន នឹងការសាបព្រួសថ្មី ដែលប្រការនេះអាចធ្វើឱ្យបងប្អូនមាន ការខាតបង់ទាំងពេលវេលា និងថវិកាផងដែរ»។
លោកអភិបាលខេត្តបានបន្ថែមថា លោកពិតជាមានការត្រេកអរណាស់ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ ធ្វើការដាំដុះយ៉ាងសកម្មដូច្នេះ ប៉ុន្តែអ្វីដែលលោកមានការព្រួយបារម្ភ គឺខ្លាចបងប្អូនខ្វះទឹកស្រោចស្រប់ បែរជាមានការខាតបង់ទាំងកម្លាំងកាយ និងថវិកាទៅវិញ។ ហេតុដូច្នេះហើយទើបលោកយកដំណឹងនេះ ដើម្បីមកណែនាំពន្យល់បងប្អូនប្រជាពលរដ្ឋ កុំធ្វើការពង្រីកការសាបព្រួសបន្តទៀត ហើយនាំគ្នា ងាកមកថែទាំដំណាំស្រូវ ដែលបានដាំពីមុនឱ្យបានប្រមូលផលប្រសើរជាង។
លោកបានបន្ថែមថា ម្យ៉ាងទៀតនៅពេលដែលបងប្អូន ជួបប្រទះការខ្វះទឹកប្រើប្រាស់នោះ មិនត្រឹមតែធ្វើឲ្យមានការខាតបង់ ដល់បងប្អូនប្រជាពលរដ្ឋនោះទេ សូម្បីតែសត្វដែលរស់នៅតំបន់នេះក៏អាចងាប់ វិនាសហិនហោចដោយសារតែការខ្វះទឹកផឹកនោះដែរ ហើយជម្ងឺផ្សេងៗ ក៏នឹងអាចកើតមានឡើងផងដែរ ដោយសារមេរោគកើតចេញពីសត្វងាប់ទាំងនោះ៕