(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិកនៅកម្ពុជា Keller Williams Cambodia (KW-កម្ពុជា) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយគម្រោង ផាក វីឡា ដើម្បីទទួលសិទ្ធិលក់ផ្ដាច់មុខវីឡារបស់គម្រោង ផាក វីឡា នៅក្នុងប្រទេសកម្ពុជា។
ការចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើង រវាងលោកបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ(KW-កម្ពុជា) និងលោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វី អឹកឡាយអិន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកបណ្ឌិត គីម ហ៊ាង ឲ្យដឹងថា ថ្ងៃនេះ KW-កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងគម្រោងវីឡា ផាក វីឡា ដើម្បីលក់គម្រោងផាវីឡានៅកម្ពុជា ហើយការសហការគ្នានេះធ្វើឡើងបន្ទាប់ពីមើលឃើញថា គម្រោង ផាក វីឡា ជាគម្រោងដែលមានភាគរយខ្ពស់ ក្នុងការទទួលបានជោគជ័យលើទីផ្សារកម្ពុជា។
លោកបណ្ឌិត គីម ហ៊ាង បានឲ្យដឹងទៀតថា គម្រោង ផាក វីឡា ជាគម្រោងដែលស្ថិតនៅលើទីតាំងល្អ ដែលនៅមិនឆ្ងាយប៉ុន្ដែពីទីក្រុងភ្នំពេញ បូករួមជាមួយម៉ូដវីឡាទាន់សម័យ ដែលសាកសមបំផុតសម្រាប់មនុស្ស ដែលចូលចិត្តជីវិតបែបស៊ីវីល័យ។
លោកបន្ដថា សម្រាប់គម្រោង ផាក វីឡា នេះជាគម្រោងតំបូងរបស់ KW-កម្ពុជា កត្តាដែល KW-កម្ពុជាជ្រើសរើសយកគម្រោងនេះព្រោះ ផាក វីឡា ជាគម្រោងដែលរៀបចំឡើង ស្របទៅនឹងទីផ្សារនាពេលបច្ចុប្បន្ន ដែលធ្វើឲ្យការលក់មានភាពងាយស្រួល។
លោក ហោ សេរីវឌ្ឍន៍ ឲ្យដឹងថា កន្លងមកក្រុមហ៊ុនទាំង២ក៏បានសិក្សាស៊ីជម្រៅអំពី ទីផ្សារការផ្គត់ផ្គង់វិស័យអចលនទ្រព្យនេះ។ លោកថា មូលហេតុដែល ផាក វីឡា សហការជាមួយនឹង KW-កម្ពុជា គឺមកពីផាកវីឡាមានភាពជឿជាក់លើ KW ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេ លើពិភពលោកផងដែរ។
លោកបន្ដថា សម្រាប់ KW-កម្ពុជានេះមានការដឹកនាំដោយលោកបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនាញលើវិស័យនេះស្រាប់ ដោយលោកមានបទពីសោធន៍ជាយូរឆ្នាំណាស់មកហើយ ហើយនេះជាចំណុចខ្លាំងដែលធ្វើឲ្យដៃគូរទាំងពីរ សម្រេចសហការជាមួយគ្នា៕