(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់ក្រុមយុវជនគម្រោងចិត្តតែមួយ បន្តចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែផុសផុលឡើង ខណៈកម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនដែលពោរពេញដោយសក្តានុពល ដូចជាទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ប្រកបដោយភាពស្អាត និងបៃតង។
ការលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រីអនុញ្ញាតឱ្យលោកស្រី ងួន សូនី ប្រធានគម្រោងចិត្តតែមួយ ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកស្រី ងួន សូនី បានឲ្យដឹងថា គម្រោងចិត្តដូចគ្នា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយយុវជនស្មគ្រ័ចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមយូអិនអាយ និងក្រុមហ្គូហ្កល ខេមបូឌា។ នៅឆ្នាំបង្កើតដំបូងគម្រោងចិត្តដូចគ្នាបានបង្កើតកម្មវិធីមួយ គឺរត់ដើម្បីមនុស្សធម៌ ដែលត្រូវបានរៀបចំធ្វើនៅកោះពេជ្រ ដោយមានអ្នកចូលរួមជាង ២,០០០នាក់ ដើម្បីប្រមូលថវិកាជួយដល់អង្គការដ្រាម៉ាណា និងអង្គការផ្ទះបាយកុមារ។
លោកស្រីបន្តថា បន្ទាប់ពីកម្មវិធីទី១ ទទួលបានជោគជ័យគម្រោងចិត្តដូចគ្នាបានរៀបចំកម្មវិធីមួយទៀត គឺកម្មវិធី «ដើម្បីសង្គមជាតិយើងអាចធ្វើបាន» ដែលផ្តល់ឱកាសដល់សិស្ស និស្សិតតាមវិទ្យាល័យ សាកលវិទ្យាល័យ ចូលរួមប្រកួតប្រជែងនូវគម្រោងដែលពួកគាត់បង្កើតឡើង ហើយកម្មវិធីនេះក៏ទទួលបានជោគជ័យផងដែរ។
លោកស្រី ងួន សូនី បានថ្លែងឲ្យដឹងថា កម្មវិធីទី៣ «រត់ដើម្បីគ្រូ» ដើម្បីប្រមូលថវិកាជួយដល់សមាគមបុគ្គលិកសិក្សាខ្មែរ ដែលប្រមូលផ្ដុំដោយលោកគ្រូអ្នកគ្រូចូលនិវត្តន៍ រួមទាំងលោកគ្រូអ្នកគ្រូផ្សេងទៀត ដែលកំពុងបំពេញការងារខាងវិស័យអប់រំ។
លោកស្រីប្រធានក៏បានឲ្យដឹងដែរថា ចំពោះគម្រោងទី៤ កម្មវិធី «ដើម្បីសង្គមជាតិយើងអាចធ្វើបាន» រដូវកាលទី២ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅពេលខាងមុខ។ ដូច្នេះហើយទើបក្រុមយុវជនគម្រោងចិត្តដូចគ្នាបាន ស្នើសុំចូលសម្តែងការគួរសម និងទទួលយកនូវការណែនាំ និងអនុសាសន៍ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រោះថា រាល់កម្មវិធីដែលរៀបចំដោយគម្រោងចិត្តដូចគ្នា ផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ហើយទទួលបានការគាំទ្រ និងចូលរួមពីស្រទាប់យុវជនកម្ពុជា។
លោក ថោង ខុន បានសម្តែងនូវការគាំទ្រចំពោះរាល់កម្មវិធីជាបន្តបន្ទាប់របស់គម្រោងចិត្តតែមួយ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដោយកម្មវិធីភាគច្រើនផ្តោតលើវិស័យទេសចរណ៍ ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមយុវជនគម្រោងចិត្តតែមួយ បន្តការងាររបស់ខ្លួនបន្តទៀត ពិសេសចូលរួមឲ្យកាន់តែសកម្ម ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍវិស័យទេសចរណ៍។
លោករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើន ហើយពោរពេញដោយសក្តានុពល ពិសេសទេសចរណ៍វប្បធម៌ និងធម្មជាតិ ឬអេកូទេសចរណ៍ ដែលកំពុងតែខិតខំកែច្នៃ និងធ្វើយ៉ាងណាឲ្យតំបន់ទាំងនោះ ក្លាយជាតំបន់ទេសចរណ៍ដែលស្អាត និងបៃតង។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យគម្រោងយកចិត្តទុកដាក់បន្ថែម អំពីទេសចរណ៍វៃឆ្លាត និងទីក្រុងវៃឆ្នាតបន្ថែម ហើយបច្ចុប្បន្ននេះក្រៅពីគោលដៅទេសចរណ៍វប្បធម៌ កម្ពុជាក៏កំពុងតែខិតខំជំរុញគោលដៅអេកូទេសចរណ៍ថែមទៀតដែរ។
លោកបានរំឭកថា បច្ចុប្បន្ននេះនៅលើពិភពលោកភ្ញៀវទេសចរប្រមាណជាង ៥០% ចូលចិត្តតំបន់ទេសចរណ៍វប្បធម៌ ខណៈដែលប្រមាណជាង ៣០% ចូលចិត្តចំពោះទេសចរណ៍ធម្មជាតិ ឬអេកូទេសចរណ៍ ក្នុងពេលដែលប្រទេសកម្ពុជាក៏មានសក្តានុពលខ្លាំងលើអេកូទេសចរណ៍នេះផងដែរ។
ទន្ទឹមនោះ កម្ពុជាក៏កំពុងអភិវឌ្ឍន៍គោលដៅទេសចរណ៍ជាច្រើន ដើម្បីប្រែក្លាយតំបន់នោះឲ្យទៅជាតំបន់ទេសចរណ៍សំខាន់ និងទាក់ទាញបំផុត ដូចជាគោលដៅទេសចរណ៍នៅភូមិភាគឦសាន តំបន់និរតី និងតំបន់ខាងជើងប្រទេសជាដើម ដែលសុទ្ធសឹងជាតំបន់ប្រកបដោយសក្តានុពលខ្ពស់ខាងវិស័យទេសចរណ៍។
លោកអំពាវនាវដល់ស្រទាប់យុវជន ពិសេសយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមអភិរក្ស ផ្សព្វផ្សាយ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅទូទាំងប្រទេស សំដៅទាក់ទាញភ្ញៀវទេសចរណ៍ មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត៕