(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យអ្នកនយោបាយពឹងបរទេសបំផ្លាញជាតិសាសន៍ឯង ល្មមស្គាល់ការពិត និងបញ្ឈប់នូវទង្វើមហាលាមក ក្នុងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិឯង ដើម្បីបំរើមហិច្ឆតាអំណាចរបស់ខ្លួនហើយ។
ទោះបីលោក ហេង រតនា មិនបញ្ជាក់ឈ្មោះចំថា អ្នកនយោបាយពឹងបរទេសនោះជានរណាក្តី ប៉ុន្តែគេដឹងថា សំដៅទៅលើក្រុមទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលស្រុក និងតែងតែអំពាវនាវឲ្យបរទេស ជាពិសេសអឺរ៉ុបដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលអឺរ៉ុបទើបប្រកាសដំណើរការ នីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា «សូមអំពាវនាវខែ្មរក្រមាយាទល្អ ជាអ្នកនយោបាយពឹងបរទេសបំផ្លាញជាតិសាសន៍ឯង ល្មមស្គាល់ការពិត និងបញ្ឈប់នូវទង្វើមហាលាមក ក្នុងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិឯង ដើម្បីបំរើមហិ្ឆតាអំណាចរបស់ខ្លួន។ នេះជាទង្វើបំផ្លាញខ្លួនឯង និងបក្សពួកខ្លួនផងដែរ»។
ជាមួយគ្នានេះ លោក ហេង រតនា បានលើកយកករណីនៅប្រទេសលីប៊ី ដែលខ្ទេចខ្ទីដោយសង្គ្រាម បង្កឡើងដោយប្រទេសអឺរ៉ុបខ្លះ បាននាំលីប៊ីពីឋានសួគ៌ ក្លាយទៅជាឋាននរក។
លោកបានលើកឡើងថា «ប្រទេសអឺរ៉ុបខ្លះ បានប្រែក្លាយប្រទេសលីប៊ី ពីឋានសួគ៌ទៅជាឋាននរក? តើវាជាយុទ្ធសាស្ត្រត្រឹមត្រូវ ឬជាកំហុសឆ្គងមិនអាចអត់អោនឲ្យបាន? ទង្វើពួកអឺរ៉ុបនោះដើម្បីបុព្វហេតុប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងសិទ្ធការងារមែនទេ? ប្រជាជនលីប៊ី បានក្លាយពីភាពសំបូរសប្បាយថ្លៃថ្នូរ ទៅជាទាសករសំរាប់ដាក់លក់ដេញថ្លៃ ខាងកំលាំងពលកម្មដូចសត្វធាតុ? ក្លាយជាជនភៀសខ្លួន រាប់លាននាក់រត់ចោលស្រុក?»។
លោកបន្តថា ឥឡូវនេះពួកអ្នកប្រព្រឹតិ្ត ក្នុងការបង្កសង្គ្រាមទំលាក់គ្រាប់បែកលើប្រទេស និងប្រជាជនលីប៊ីមកពីអឺរ៉ុប មានប្រទេសបារាំង អង់គ្លេស និងនរ័វេស្ស ដែលបង្កសង្គ្រាមនេះជាង០៨ឆ្នាំហើយ (២០១១) ធ្វើឲ្យប្រទេសលីប៊ីបែកបាក់ជាតិ ដោយចែកតំបន់កាន់កាប់ តាមក្រុមឧទ្ទាមជាច្រើនតំបន់ និងរដ្ឋាភិបាលមួយមិនអាចគ្រប់គ្រង ប្រទេសរបស់ខ្លួនបានឡើយ! ការចលាចល និងកាប់សម្លាប់ អសន្តិសុខ បន្តគ្មានទីបញ្ចប់! ហើយថ្មីៗនេះ រដ្ឋាភិបាលនរ័វេស្ស ដែលចូលរួមសង្គ្រាម (ទម្លាក់គ្រាប់បែក) និយាយថា មិនដឹងធ្វើម៉េចដោះស្រាយបានទេ! នេះជាការគិតខុសរបស់ពួកអឺរ៉ុបខ្លះ មិននឹកស្មានថា វាជាយុទ្ធសាស្ត្របាចអង្កាមបញ្ច្រាស់ខ្យល់ ដែលធ្វើឲ្យជំនន់ជនភៀសខ្លួនហូរចូលអឺរ៉ុប និងធ្វើឱយអឺរ៉ុបចលាចល ដែលអឺរ៉ុបល្បីខាងគោរពសិទិ្ធមនុស្ស ក្លាយជាអឺរ៉ុបរំលោភសិទ្ធិមនុស្ស (ព្រោះមិនទទួលយកជនភៀសខ្លួន)។
លោក ហេង រតនា បានលើកឡើងទៀតថា «សង្ឃឹមថាពួកអឺរ៉ុបខ្លះ នឹងមិនចូលរួមបង្កការលំបាកនៅកម្ពុជា និងក្នុងតំបន់អាស៊ាន ដោយគិតយុទ្ធសាស្ត្រខុសដូចនៅលីប៊ីទេ! ប្រជាជនកម្ពុជា ឆ្អែតឡើងឆ្អល់នឹងសង្គ្រាមហើយ ហើយប្រាថ្នាចង់បានតែសន្តិភាព និងការអភិវឌ្ឍន៍ ដោយពង្រឹងលទិ្ធប្រជាធិបតេយ្យ និងសិទិ្ធមនុស្សតាមសង្គមវប្បធម៌របស់ខ្លួន!»៕