(ភ្នំពេញ)៖ លោក សុខ សុគន្ធ អ្នកអធិប្បាយបញ្ហាសង្គម និងនយោបាយកំពុងរស់នៅសហរដ្ឋអាមេរិក បានចាត់ទុកសាររបស់ទណ្ឌិត សម រង្ស៉ី ព្រមានទៅលើអ្នកវិនិយោគចិននៅកម្ពុជា ជាកំហុសនយោបាយដ៏ធ្ងន់ធ្ងរ ដែលអ្នកនយោបាយមិនត្រូវធ្វើនោះឡើយ។
ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើ Facebook របស់ខ្លួនបានចេញសារព្រមានមួយទៅដល់អ្នកវិនិយោគចិននៅក្នុងប្រទេសកម្ពុជា។
ក្នុងសារព្រមាននោះ ទណ្ឌិត សម រង្ស៉ី បានប្រាប់អ្នកវិនិយោគ និងជនជាតិចិន ដែលមានវត្តមាននៅស្រុកខ្មែរថា ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា កាន់តែតានតឹងឡើងៗ ចាប់ពីពេលនេះទៅ។ ទណ្ឌិតរូបនេះ បានប្រាប់អ្នកវិនិយោគ និងជនជាតិចិនត្រូវពិនិត្យឡើងវិញ រាល់សកម្មភាព និងគម្រោងទាំងឡាយរបស់ពួកគេ។
លោក សុខ សុគន្ធ អ្នកអធិប្បាយបញ្ហាសង្គមដែលតែងតែរិះគន់បើកកកាយរាល់ល្បិចកិច្ចកល និងពុតត្បុតផ្នែកនយោបាយរបស់លោក សម រង្ស៉ី បានចាត់ទុកសារព្រមានជាការធ្វើឡើង ដើម្បីបំពេញចិត្តប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងមាននិន្នាការស្អប់ចិន តែមិនបានគិតគូរពីផលប៉ះពាល់ដល់ប្រយោជន៍សេដ្ឋកិច្ចរបស់ជាតិនោះឡើយ។
អ្នកអធិប្បាយរូបនេះ បានលើកឡើងថា សារព្រមានអ្នកវិនិយោគបែបនេះ កម្រនឹងមានអ្នកនយោបាយ ឬប្រទេសណាមួយធ្វើឡើយ ព្រោះតែចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ លើពិភពលោក។ ជាពិសេសប្រយោជន៍សេដ្ឋកិច្ចនៅក្នុងប្រទេស ព្រោះថាប្រទេសភាគច្រើនបំផុតលើពិភពលោកសុទ្ធតែរកស៊ីជាមួយប្រទេសចិន ហើយសូម្បីតែជប៉ុនដែលមានប្រវត្តិឈឺ ចាប់ជាមួយគ្នា ក៏ប្រឹងប្រែងកសាងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនផងដែរ។
«សាធារណរដ្ឋប្រជាមានិតចិនសព្វថ្ងៃជាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក។ សូម្បីតែជប៉ុន គេអត់ហ៊ានប្រើពាក្យហ្នឹងផង ជប៉ុនដែលគេធ្លាប់ជាមហាអំណាចសេដ្ឋកិច្ចទី២ លោក ស៊ីន ហ្សូ៊អាបេ បានទៅផ្សះផ្សារជាមួយចិនរួចជាស្រេច។ យ៉ាងម៉េចបានជាមហាអំណាចសេដ្ឋកិច្ចធំទី៣ ទៅសម្របសម្រួលជាមួយចិន គេអត់ដែលប្រើសារព្រមានទៅអ្នកវិនិយោគទេ»។ លោក សុគន្ធ គូសបញ្ជាក់។
លោក សុខ សុគន្ធ បានបន្ថែមថា «ការបញ្ចេញសេចក្តីព្រមានដល់អ្នកវិនិយោគចិនកាលពីថ្ងៃទី១១ ខែកុម្ភៈ គឺជាកំហុសនយោបាយការបរទេសរបស់ សម រង្ស៉ី ដ៏ធំធេងបំផុត។ សម រង្ស៉ី គាត់គិតខ្លីថានិយាយអ៊ីចឹងទៅប្រជាជនពេញចិត្ត ប្រជាជនសព្វថ្ងៃអវិជ្ជមានចំពោះវត្តមានចិននៅកម្ពុជា»។
បើទោះបីជាយ៉ាងណា លោក សុខ សុគន្ធ អះអាងថា សារព្រមានរបស់ទណ្ឌិត សម រង្ស៉ី មិនធ្វើឲ្យរអាដល់អ្នកវិនិយោគចិននៅកម្ពុជានោះឡើយ។ ផ្ទុយទៅចិនបានកត់ត្រាទុករួចហើយនៅសារព្រមានរបស់ សម រង្ស៉ី ហើយចិននឹងគ្មានថ្ងៃមានទំនាក់ទំនងល្អជាមួយបុគ្គល សម រង្ស៉ី នោះឡើយ៕