(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ការបន្លាចរឿងដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗ ទាំងអស់លើកលែងតែអាវុធ (EBA) គឺជារឿងគួរឱ្យអស់សំណើច។
លោក ជុំ កុសល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រឹមការផ្អាកភាពអនុគ្រោះពន្ធ ( EBA ) ពីសំណាក់ EU តើមានអ្វីត្រូវធ្ងន់ធ្ងររហូតដល់ទៅធ្វើឱ្យកម្ពុជាស្លាប់ ដូចការលើកឡើងរបស់ក្រុមឧទ្ទាម? ត្រូវដឹងថា កម្ពុជាធ្លាប់ត្រូវបានគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាង១០ឆ្នាំ ក្នុងគ្រាមួយដែលកម្ពុជា ស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនបំផុត ក្រោយផ្តួលរំលំរបបប៉ុលពតឆ្នាំ១៩៧៩ តែកម្ពុជារស់បាន។ ចុះក្នុងដំណាក់កាលនេះ តើកម្ពុជាត្រូវភ័យខ្លួនដោយសារតែរឿង EBA ប៉ុណ្ណឹងឬ?។ វាជារឿងគួរអស់សំណើចពេក ដែលឃើញមនុស្សខ្មែរមួយចំនួនមានចរិតឧទ្ទាមគេដៀមដាម ចំអកឡកឡឺយឱ្យថ្នាក់ដឹកនាំកម្ពុជារឿង EU សម្រេចផ្អាកភាពអនុគ្រោះពន្ធ ( EBA )នេះ»។
ការលើកឡើងរបស់ លោក ជុំ កុសល បានធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចាប់ផ្តើមនូវដំណើរការ ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ នៃទំនិញកម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម Everything But Arms (EBA)។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើប្រទេសទទួលផល មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ជុំ កុសល បានបញ្ជាក់ថា កម្ពុជាពិតជាអរគុណចំពោះការយោគយល់របស់ EU ដែលបានផ្តល់ភាពអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជាកន្លងមកក្នុងគ្រាដែលកម្ពុជា ទើបបញ្ចប់សង្គ្រាមស៊ីវិល ច្រើនឆ្នាំ ហើយមានការអភិវឌ្ឍតិចតួច។ ប៉ុន្តែនៅពេលកម្ពុជាបានកសាងសមត្ថភាព ងើបផុតពីបន្ទាត់ក្រីក្រឈានដល់កំរិតមានចំណូលកំរិតមធ្យមហើយ ការកំណត់ឱ្យមានការបង់ពន្ធទំនិញនាំចូលពី EU គឺជាកាតព្វកិច្ចដែលកម្ពុជា បានដឹងមុនរួចទៅហើយ ព្រោះក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ក៏បានសរសេរច្បាស់គឺភាពអនុគ្រោះពន្ធនេះ មានការកំណត់ពេលវេលាមួយជាក់លាក់។ ឥលូវដល់ពេលកម្ពុជាត្រូវបំពេញកាតព្វកិច្ចគឺមានន័យថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់លើខ្លួនឯង នេះគឺជាមោទកភាពរបស់កម្ពុជា មិនមែនជារឿងត្រូវកម្ពុជាយំនោះទេ!។
លោកបានបន្តថា «អ្វីដែលកម្ពុជា មិនអាចទទួលយកបានគឺ EU បានធ្វើខ្លួនហួសព្រំដែន ដោយទាញយករឿងនយោបាយមកភ្ជាប់ក្នុងរឿងយោគយល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទៅវិញ។ ប្រសិន EU ចង់ឃើញដំណើការប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរឡើង គួរ EU គោរពសិទ្ធិអធិបតេយ្យភាពរបស់កម្ពុជា ហើយគួរសិក្សាពីកម្ពុជាឱ្យបានច្បាស់ជាងនេះ ទើបប្រសើរ។ ប៉ុន្តែនៅពេល EU ធ្វើបែបនេះគឺ EU ខ្លួនឯងទៅវិញទេ ដែលបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា»៕