(ភ្នំពេញ)៖ លោក Jong Weon Ha អគ្គនាយករងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានស្នើររាជរដ្ឋាភិបាលកម្ពុជា បន្ដជំរុញលើកទឹកចិត្តឲ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនរដ្ឋ មកចុះបញ្ជីបោះលក់ភាគហ៊ុន បន្ថែមទៀត។
ការស្នើនេះដើម្បីជួយឲ្យវិស័យមូលបត្រនៅកម្ពុជា ឆាប់រីកចម្រើន ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៥ កំពុងបោះផ្សាយលក់មូលបត្រ។
ថ្លែងក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍របស់ Fresh News លោកអគ្គនាយករង CSX ឲ្យដឹងថា «ខ្ញុំចង់ឲ្យមានការអនុគ្រោះផ្សេងៗជាច្រើនទៀត ហើយខ្ញុំត្រូវការការគាំទ្រឲ្យខ្លាំងក្លាពីរាជរដ្ឋាភិបាល ប្រសិនបើរដ្ឋាភិបាលអាចសម្រេចចិត្តបាន អទិភាពទី១៖ ខ្ញុំចង់ឲ្យស្ថាប័នហិរញ្ញវត្ថុមួយចំនួន ត្រូវតែចុះបញ្ជីនៅក្នុងផ្សាររបស់យើង មានន័យថារាជរដ្ឋាភិបាលកម្ពុជា អាចលើកទឹកចិត្ត ឬក៏តម្រូវឲ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ ធ្វើការចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា»។
លោកបន្ដថា «កត្តាដែលជំរុញឲ្យខ្ញុំធ្វើបែបនេះគឺថា ផ្សារមូលបត្រកម្ពុជាត្រូវការក្រុមហ៊ុន ដែលមានសក្តានុពលមកចុះបញ្ជី ក្រុមហ៊ុនដែលមានប្រាក់ចំណេញគួរឲ្យទាក់ទាញ ព្រោះថា វិនិយោគិនទាំងអស់កំពុងស្វែងរកក្រុមហ៊ុនល្អៗ ដើម្បីវិនិយោគ ដូច្នេះ CSX ស្វែងរកក្រុមហ៊ុនដែលមានសក្តានុពលមកចុះបញ្ជី ដើម្បីទាក់ទាញវិនិយោគិន មកវិនិយោគលើផ្សារមូលបត្រកម្ពុជា»។
លោកបន្ថែមថា CSX ចង់ឲ្យរាជរដ្ឋាភិបាលលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុឲ្យចុះបញ្ជីក្នុងផ្សារហ៊ុន, ជំរុញឲ្យក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ចុះបញ្ជីលើផ្សារមូលបត្រកម្ពុជា ព្រោះថា ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋមានស្ថិរភាព ដែលធានានូវទំនុកចិត្តដល់វិនិយោគិន។
លោកថា បន្ថែមពីនេះ CSX កំពុងស្វែងរកក្រុមហ៊ុនល្អៗជាច្រើន ពិសេសក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាទំនើបៗ ដើម្បីមកចុះបញ្ជីព្រោះថា ពួកគេមានលទ្ធភាព ក្នុងការប្រកបអាជីវកម្មនៅទីផ្សារក្រៅប្រទេស។
លោកបន្ថែមថា បច្ចុប្បន្ននេះ CSX ខិតខំយ៉ាងខ្លាំងដើម្បីទាញការចាប់អារម្មណ៍ពីសាធារណៈ ក្នុងនោះសង្កត់ធ្ងន់លើការទាក់ទាញស្ថាប័នហិរញ្ញវត្ថុមកចុះបញ្ជី ជាពិសេសលើធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោកថា «កន្លងមកខ្ញុំតែងតែព្យាយាមជួបជាមួយ ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុជាច្រើន ដោយផ្តល់យោបល់ឲ្យពួកគេរៀបចំខ្លួនជាបណ្តើរៗ ដើម្បីត្រៀមខ្លួននៅថ្ងៃណាមួយដែល នឹងអាចចុះបញ្ជីក្នុងផ្សារបាន»។
លោកបញ្ជាក់ថា ក្រៅពីវិស័យធនាគារ CSX ត្រូវការក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ពិសេសក្រុមហ៊ុននៅក្នុងស្រុក ក្នុងវិស័យមួយចំនួនដែលមានភាពប្រកួតប្រជែង ជាពិសេសលើវិស័យអប់រំ វិស័យកសិកម្ម និងបន្ទាប់មកគឺ វិស័យបច្ចេកវិទ្យា។ បច្ចុប្បន្នក្មេងៗជំនាន់ក្រោយ ដែលកំពុងធ្វើអាជីវកម្ម លើផ្នែកកសិកម្មមានប្រៀបលើការប្រកួតប្រជែង ដោយសារអំណោយផលពីធនធានធម្មជាតិ ក្នុងប្រទេសស្រាប់គួបផ្សំនឹងជំនាញផ្ទាល់ខ្លួន ដែលអ្នកដទៃអាចចាញ់ប្រៀប អ្នកដទៃ គឺសំដៅលើក្រុមហ៊ុនកសិកម្មបរទេស ដែលមិនអាចធ្វើតាមបាន។
លោកថា «ខ្ញុំគិតថាពួកគេមានប្រៀប និងអាចប្រកួតប្រជែងបាននៅក្នុងទីផ្សារពិភពលោក ហើយប្រសិនបើពួកគេចុះបញ្ជីលើផ្សារហ៊ុន ខ្ញុំគិតថាពួកគេអាចជាក្លាយជាក្រុមហ៊ុនល្បី ដូច្នេះខ្ញុំចង់បានក្រុមហ៊ុនក្នុងវិស័យអប់រំ និងវិស័យកសិកម្ម ហើយបន្ទាប់មក គឺក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់ជាដើម»៕