(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ៧កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលអំណោយអង្ករចំនួន ២០តោន ពីក្រុមហ៊ុន ណាសា ខសមេធីក ខូអិលធីឌី ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសទទួលអំណោយនេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ណាសា ខសមេធីក ខូអិលធីឌី ដែលមានសេចក្តីជឿទុកចិត្ត និងនាំយកអំណោយអង្ករមកជូនកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតរួមមាន ចាស់ជរាគ្មានទីពឹង គ្រួសារមានជំងឺរ៉ាំរ៉ៃ គ្រួសារស្រី្តមេម៉ាយមានកូនច្រើន គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារជនពិការ។ល។ កាកបាទក្រហមកម្ពុជា នឹងយកអំណោយទៅប្រេីប្រាស់ដោយតម្លាភាពឱ្យបានទាន់ពេលវេលា គឺមិនទុកឱ្យអ្នកដែលត្រូវការឱ្យជួយនៅរង់ចាំយូរឡើយ។
ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការ បានជម្រាបជូនថា ក្រៅពីការផ្តល់អំណោយជាស្បៀង ថវិកាសម្រាលការលំបាក កាកបាទក្រហមកម្ពុជា ក៏នៅមានការផ្តល់អណ្តូងទឹក ស្រះទឹក បង្គន់អនាម័យ។ល។ ជាពិសេស ការពាំនាំសារអប់រំសុខភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដេីម្បីទប់ស្កាត់ជំងឺតម្កាត់ ជំងឺឆ្លងផ្សេងៗ ដេីម្បីលេីកកម្ពស់កម្រិតជីវភាពរស់នៅ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ។
លោក សា មូហាំម៉េតណាជីប និងលោកស្រី លី វីសា អគ្គនាយក-អគ្គនាយិការក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលអនុញ្ញាតឱ្យក្រុមហ៊ុន បានចូលរួមចំណែកការងារមនុស្សធម៌មួយផ្នែកក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ តាមរយៈកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែមានសន្តានចិត្តប្រោសប្រណីជួយដល់ប្រជាពលរដ្ឋដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡេីយ៕