(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃអង្គារ ៧កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាឧបត្ថម្ភចំនួន ២០លានរៀល ដល់អង្គការសង្គ្រោះជនអស់សង្ឃឹម និងថវិកា ២០លានរៀលទៀត ដល់អង្គការគ្រួសារថ្មី សម្រាប់ឆ្នាំ ២០១៩ នេះ ។
ក្នុងឱកាសប្រគល់ថវិកានោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅ ចំពោះលោកយាយៗ ចៅៗ ក្មួយៗ និងកុមារពិការគ-ថ្លង់ទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ បណ្តុះបណ្តាល នៅក្នុងអង្គការទាំងពីរខាងលេីនេះ។ ជាមួយគ្នានេះ លោកស្រី ពុំ ចន្ទីនី ក៏បានកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក របស់អង្គការ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តាមរយៈ ការជួយឱ្យកុមារពិការគ-ថ្លង់ អាចអភិវឌ្ឍខ្លួនបានល្អប្រសើរឡើង ព្រមទាំងជួយដល់កុមារកំព្រា ចាស់ឥតទីពឹង និងអ្នករស់នៅជាមួយមេរោគអេដស៍ បានរស់នៅដោយភាពកក់ក្តៅ។
តំណាងអង្គការទាំងពីរខាងលេីនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ។
សូមរំលឹកដែរថា នេះជាលើកទី១៣ហើយ ដែលកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់អង្គការសង្គ្រោះជនអស់សង្ឃឹម និងជាលើកទី១១ សម្រាប់អង្គការគ្រួសារថ្មី៕