(កំពង់ចាម)៖ លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងជំរុញឱ្យរដ្ឋបាលខេត្តកំពង់ចាម ត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបូរណភាព។

លោក ពេជ្រ សម្បត្តិ បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៦៦ អនក្រ.បក ស្ដីពី វិធាននិងនីតិវិធី នៃការគ្រប់គ្រងចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបានខេត្តកំពង់ចាម។ ពិធីនេះដែរក៏មានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក ពេជ្រ សម្បត្តិ បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម ត្រូវតែគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព ព្រោះអនុក្រឹត្យលេខ ៦៦ អនក្រ.បក ស្ដីពី វិធាន និងនីតិវិធី នៃការគ្រប់គ្រងចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ មានគោលបំណង ធានាការគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបូរណភាព។ អនុក្រឹត្យនេះផងដែរ មានគោលដៅកំណត់នូវវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ។ អនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះគ្រប់ក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងនីតិបុគ្គលសាធារណៈ។

លោក គួច ចំរើន បានថ្លែងថា ពេលកន្លងទៅរដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត បានធ្វើការគ្រប់គ្រងជាបន្តបន្ទាប់ ទោះជាមិនទាន់មានអនុក្រឹត្យលេខ៦៦ ចេញក៏ដោយ ប៉ុន្តែឆ្លងកាត់តាមការសង្កេត ការខ្វះចន្លោះ នៃការគ្រប់គ្រងតែងតែមាន ប៉ុន្តែផ្អែកទៅលើស្មារតីអនុក្រឹត្យលេខ៦៦នេះ សមត្ថកិច្ចនៃការចាត់ចែង បានធ្លាក់ទៅដល់រដ្ឋបាលថ្នាក់ឃុំ-សង្កាត់ ដូច្នេះការពង្រីកវិសាល ភាពនៃការចាត់ចែងកាន់តែធំឡើង ហើយសមត្ថកិច្ចក្នុងការគ្រប់គ្រងសម្បត្តិរដ្ឋនេះ ត្រូវបានបែងចែកជាពីរ មួយផ្នែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រង ក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ដែលការគ្រប់គ្រងនោះ បូករួមទ្រព្យសម្បត្តិរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហៅថាអភិបាលគ្រប់គ្រង។

លោកបានបន្ថែមថា ដោយឡែកចាប់ពីឆ្នាំនេះតទៅ រដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ជាអ្នកចាត់ចែង ដូច្នេះពាក្យពីរឃ្លាយើងត្រូវស្វែងយល់គឺមួយ អភិបាលគ្រប់គ្រង និងមួយទៀត ហៅថា អភិបាលចាត់ចែង ពោលគឺ ទ្រព្យសម្បត្តិរដ្ឋ ដែលប្រគល់ទៅឲ្យអង្គភាព ឃុំ សង្កាត់ នីមួយៗ អនុញ្ញាតឱ្យត្រឹមក្របខណ្ឌ ប្រើប្រាស់ប៉ុណ្ណោះ ដោយមិនអាចចាត់ចែង រហូតដល់ទៅធ្វើការលក់ដូរនោះទេ៕