(ត្បូងឃ្មុំ)៖ មន្រ្តីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានដំណឹងថា មានបទល្មើសព្រៃឈើឆ្លងកាត់តំបន់របស់ខ្លួន ក៏បានចេញប្រតិបត្តិការភ្លាមៗ តាមស្ទាក់ចាប់បាន រថយន្តសាំយ៉ុងបានចំនួន២គ្រឿង មានដឹកឈើសសរ (ប្រភេទឈើឈ្លីក) មូលពេញឡាន នៅចំណុចគីឡូ៤៥ ស្ថិតក្នុងភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបំរុងលោតឆ័ត្រ ដឹកឈើយកទៅលក់នៅប្រទេសវៀតណាម។
លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីកម្លាំងរបស់មន្ទីរបរិស្ថានបានទទួលព័ត៌មានថា មានរថយន្តសាំយ៉ុង២គ្រឿង មានដឹកឈើសសរមូលពេញរថយន្ត ឆ្លងកាត់ស្រុកតំបែរ ឆ្ពោះមកថ្នល់ចិន កាត់តាមចំណុចខាងលើ លោកបានរាយការណ៍ទៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលខេត្ត ដើម្បីសុំគោលការណ៍បង្ក្រាប។
ភ្លាមៗ ក្រោយទទួលបានការអនុញ្ញាត លោកក៏បានបញ្ជាកម្លាំង ដេញបង្ក្រាបបានតែម្តង បន្ទាប់មកក៏បានផ្តល់ព័ត៌មានទៅ មេព្រៃខេត្ត ហើយក៏បាននាំយករថយន្តល្មើសទាំងពីរគ្រឿងនោះ មករក្សាទុកនៅមន្ទីរបរិស្ថានខេត្ត ដើម្បីធ្វើការវាស់វែងចាត់ការទៅតាមនិតិវិធី។
លោកបានបន្ថែមថា នៅក្នុងប្រតិបត្តិការនេះដែរ តៃកុងរថយន្តល្មើសបានដឹងថា មន្ត្រីបរិស្ថានបានដេញបង្រ្កាប ភ្លាមៗនោះក៏បានរត់គេចខ្លួនទាំងព្រលឹងចុងសក់ បាតជើងសព្រាតបាត់ស្រមោល។
ជុំវិញការបង្ក្រាបនេះដែរ មហារជនបានកោតសរសើរ ដល់កម្លាំងមន្ទីរបរិស្ថានខេត្ត ដែលបានបំពេញភារកិច្ចល្អ ពិតជាមន្រ្តីសកម្ម ផ្តល់ជាគំរូ មិនស្អិតនឹងលាភសក្ការៈនោះទេ៕