(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុបថវិកាចំនួន ៥២៩,០៦៩ដុល្លារអាមេរិក ដល់អង្គការសន្តិសុខស្ម័គ្រចិត្ត ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរាជរដ្ឋាភិបាលជប៉ុន។
ពិធីចុះហត្ថលេខា សម្រាប់ការផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ហើយភាគីអង្គការក្រៅរាជរដ្ឋាភិបាលជប៉ុនតំណាងដោយលោក Tase Takashi នាយកអង្គការស្ម័គ្រចិត្ត សម្រាប់គម្រោងសាលាមត្តេយ្យសិក្សាធនធានមនុស្សគម្រូផ្តោតលើបណ្ណាល័យក្នុង ខេត្តបាត់ដំបង។
នៅក្នុងឱកាសនេះដែរលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា រាជដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជាច្រើនដល់អង្គការសន្តិស្ម័គ្រចិត្ត។ អង្គការនេះ នឹងបង្កើតសាលាមត្តេយ្យគម្រូបំពាក់ដោយបណ្ណាល័យ លើកកម្ពស់ការអានសៀវភៅក្នុងការអប់រំកុមារតូច និងបង្កើនសមត្ថភាពគ្រូបង្រៀនសាលាមត្តេយ្យ ក្នុងខេត្តបាត់ដំបង ដើម្បីលម្អគុណភាពនៃការអប់រំកុមារតូច និងអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងសម្រាប់កុមារតូច។
ជាមួយគ្នានេះ តាមរយៈគម្រោងនេះសង្ឃឹមថា សកម្មភាពរបស់បណ្ណាល័យនឹងរីកចម្រើននៅទូទាំងខេត្ត ហើយកុមារតូចក្នុងខេត្តបាត់ដំបងនឹងអភិវឌ្ឍកាន់តែខ្លាំង។
នៅក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការ អប់រំកុមារតូចតាមរយៈការបង្កើតសាលាមត្តេយ្យ គម្រូបំពាក់ដោយបណ្ណាល័យ និងការបង្កើនសមត្ថភាពគ្រូ មត្តេយ្យសិក្សា និងបណ្ណារក្សនៅក្នុងក្រុងបាត់ដំបង។
តាមរយៈ គម្រោងនេះ ជាពិសេសកុមារប្រហែល៤៥០នាក់ នៅសាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបង និងអាចទទួលបាននូវបរិយាកាសល្អប្រសើរ សម្រាប់ការអប់រំកុមារតូចៗ ហើយកុមារ ប្រហែល១០ ០០០នាក់ នៅខេត្តបាត់ដំបង ត្រូវបានគេរំពឹងថានឹងទទួលបានការអប់រំកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងនេះ សម្រាប់គ្រោងអង្គការក្រៅរាជរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរាជរដ្ឋាភិបាលជប៉ុន ខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា៣៥លានដុល្លារអាមេរិក ដល់គម្រោងចំនួន១១៤ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន៕